ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីអនិជនខ្មែរសញ្ជាតិអាមេរិកម្នាក់ស្លាប់ នៅស្រុកវាលវែង ដឹកមកធ្វើបុណ្យនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត ព្រមទាំងគ្រួពេទ្យខេត្ត បានចុះទៅដល់ផ្ទះបុណ្យសពជនរងគ្រោះ នៅភូមិអូរបាក់ត្រា ដើម្បីធ្វើការពិនិត្យ និង ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះឈ្មោះ KHAT KSAVORITE KHON (ខាត់ សាវូរិតខុន) ឈ្មោះជាខ្មែរ ខាត់ សុខុន សញ្ជាតិអាមេរិក ភេទប្រុស អាយុ៥៩ឆ្នាំ ជាអនិជនរស់នៅអាមេរិក។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះ និងប្រពន្ធឈ្មោះ ហេង ឡាវ បាននាំគ្នាមកលេងផ្ទះបងស្រីបង្កើតឈ្មោះ ខាត់ សាម៉ន អាយុ ៦០ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ដើម្បីធ្វើបុណ្យសង្ឃក្ខទាន។ ក្រោយពីធ្វើបុណ្យរួច នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះខាងលើ បាននាំប្រពន្ធ និងប្អូនក្មួយចំនួន៦នាក់ទៀត ជិះឡានមួយគ្រឿងទៅលេងខេត្តកោះកុង ដោយជិះកាត់តាមផ្លូវអូរសោម ក្រោយពីធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ដោយផ្លូវមានសភាពពិបាក និងមានភ្លៀងធ្លាក់ ជនរងគ្រោះ និងក្មួយៗក៏នាំគ្នាចុះរុញឡានជាច្រើនលើកច្រើនសារ ក្រោយរុញឡានរួច ជនរងគ្រោះមានភាពទឹកមុខស្លេក ហើយខ្លួនឡើងត្រជាក់ ឃើញដូចនេះប្រពន្ធក៏បានកោសខ្យល់ឲ្យ ក្រោយពីកោសខ្យស់រួចជនរងគ្រោះក៏សន្លប់ បន្ទាប់មកប្រពន្ធនិងក្មួយ ក៏បានដឹកទៅមន្ទីពេទ្យស្រុកវាលវែង ក្រោយពីពេទ្យពិនិត្យរួចក្រុមគ្រូពេទ្យក៏បាននិយាយថា ជនរងគ្រោះបានស្លាប់បាត់ហើយ ឮដូចនេះប្រពន្ធនិងក្មួយៗ ក៏បានដឹកសពយកមកធ្វើបុណ្យ នៅស្រុកភ្នំក្រវាញតែម្តង៕
មតិយោបល់