ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី បុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យយុវជនម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួស ដោយសារតែរថយន្តបែនដឹកដីមិនស្គាល់ម៉ាក ១គ្រឿង បើកបរក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកម៉ូតូ ១គ្រឿងពេញទំហឹង ខណ:កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនដែលស្លា.ប់ឈ្មោះ ហួត សុខជា អាយុ ១៨ឆ្នាំ ចំណែកអ្នករងរបួសឈ្មោះ នី រដ្ឋា អាយុ ១៩ឆ្នាំ ហើយពួកគេទាំង ២នាក់ ស្នាក់នៅក្នុងសង្កាត់ព្រៃស ខណ្ឌង្កោ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនឈ្មោះ នី រដ្ឋា បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AE-8834 ឌុបជនរងគ្រោះឈ្មោះ ហួត សុខជា ចេញពីកន្លែងស្នាក់នៅឯសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងគោលបំណងទៅលេងនៅថ្នល់ទទឹងក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពដដែលបានបន្តទៀតថា ខណ:នោះពួកគេបានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ពេលទៅដល់ត្រង់ចំណុចកើតហេតុ មានរថយន្តបែនដឹកដីពុំស្គាល់ម៉ាក១គ្រឿង បើកក្នុងទិសដៅស្របគ្នា ទៅដល់បុកពីក្រោយពេញទំហឹង
បណ្ដាលឲ្យដួលភ្លាមៗនោះ យុវជន ហួត សុខជា បានស្លា.ប់នៅនឹងកន្លែងឯយុវជន នី រដ្ឋា ដែលជាអ្នកឌុបបានរងរបួស ហើយរថយន្តបែនដឹកដីនោះ បានបើករត់គេចបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវ រករថយន្តបង្ក ប៉ុន្តែពុំដឹងថា អាចរកឃើញ ឬមិនឃើញនោះទេ បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់