ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះឱ្យកាន់តែល្អប្រសើរ កាត់បន្ថយការកកស្ទះ ខណៈបច្ចុប្បន្នទីតំាងនេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ។
ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ គឺដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវលេខ២០១១។
ឯកឧត្តមបានមានប្រសាសន៍លើកឡើងថាការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ស្ថាបនាបានច្រើន ភាគរយហើយ និងបានដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវ លេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសថ្មីនៅចំណុច ភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា
មួយនេះគ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនាពេលខាងមុខ ៕
មតិយោបល់