ភ្នំពេញ៖ ករណីក្រុមចោរចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់ឡេអនឡាញ ទីបំផុតកងរាជអាវុធហត្ថ និងនគរបាលឃាត់ខ្លួនជនសង្ស័យ១៤នាក់ ដកហូតបានគ្រឿងពេជ្រ អាវុធវែងខ្លី និងមានម្នាក់ ជាប្រធានគណបក្សនយោបាយផង។
នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី ដែលកំពុងប្រមូលផ្តុំគ្នានៅក្នុងវីឡាមួយនៃបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះកងរាជអាវុធហត្ថប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម មានអាវុធវែង ១ដើម និងខ្លី ៤ដើម ។
យោងតាមព័ត៌មាន បានឱ្យដឹងថា នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់មនុស្សទាំងអស់ ១២នាក់ មានប្រុស ៩នាក់ និងស្រី៣នាក់ ហើយការឃាត់ខ្លួនមនុស្សទាំងអស់នោះក៏មានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជាប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ ។
ផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ដដែល ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី ម៊ូន ថោន ផ្ទះវីឡាលេខV01 ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការប្រដេញរថយន្តជនសង្ស័យ ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះរហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ដោយសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យដែលរត់គេចខ្លួន រីឯក្នុងរថយន្តពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយប្រតិបត្តិការមួយយប់ដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ក្នុងករណីប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី ម៊ូន ថោន សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ គឺមានប្រុសម្នាក់ និងស្រីម្នាក់ ហើយនៅព្រឹកនេះសមត្ថកិច្ចកំពុងយកទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ៕
មតិយោបល់