ព័ត៌មានជាតិ

ទាហាន​ថៃ​បាន​ចាប់​ពលរដ្ឋ​ខ្មែរ ចំនួន ៧០​នាក់​​ លួច​ឆ្លងដែន​ខុសច្បាប់​ចូលប្រទេស​ថៃ​

បន្ទាយមានជ័យ ៖ ថ្ងៃនេះ​ទាហាន​ថៃ​បាន​ចាប់​ពលរដ្ឋ​ខ្មែរ ប្រុស ស្រី និង ក្មេង ៧០​នាក់​ក្នុង​កន្លែង​២​ផ្សេងគ្នា​ដែល​កំពុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ រក​ការងារ​ធ្វើ​នៅ​យប់​ចូល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​។
ករណី​ទី​១​កម្លាំង​ការពារ​ព្រំដែន​របស់​ថៃ​បាន​ប្រាប់​កម្លាំង​ការពារ​ព្រំដែន​របស់​ខ្មែរ​ថា នៅ​យប់ ថ្ងៃទី ២២​នោះ​កម្លាំង​របស់​លោក​បាន​ឃាត់​មេខ្យល់​ខ្មែរ​ម្នាក់​ឈ្មោះ កើ​ម ឡើ​ន អាយុ​៣៨​ឆ្នាំ និង​បក្ខពួក​សរុប​៤២​នាក់ រួម​ទាំង​ក្មេងៗ​១៨​នាក់​ទៀត សរុប​៦០​នាក់ នៅ​បរិវេណ​ភូមិ​ខ្លង វ៉ា ឃុំ ថាប់​ព្រិ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ។

កម្លាំង​ការពារ​ព្រំដែន​របស់​ថៃ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ពេល​ដែល​សមត្ថកិច្ច​ថៃ​សួរចម្លើយ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ពួក​ខ្លួន​ចង់​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ពី​ប្រទេស​ខ្មែរ​ចូល​ដល់​ថៃ ដើម្បី​រង់ចាំ​រថយន្ត​មក​ទទួល​ទៅ​កាប់​អំពៅ នៅ​ស្រុក​វ៉ាំ​ង សំបូរ ខេត្ត​ស្រះកែវ ចំនួន​៤០​នាក់ ព្រមទាំង​ក្មេង​១៨​នាក់​ទៀត ដោយបាន​ចំណាយលុយ​ក្នុង​ម្នាក់ៗ​ចំនួន​១,០០០​បាត​។ ដោយឡែក​២​នាក់​ទៀត ចង់ទៅ​ធ្វើការ​សំណង់​នៅ​ខេត្ត​នគ​រាជ សី​ម៉ា ដោយ​ចំណាយលុយ​ក្នុងការ​ធ្វើដំណើរ​ចូលមក​ចំនួន​៧,០០០​បាត ក្នុងម្នាក់​ក្រោយពី​សួរចម្លើយ​ចប់​សព្វគ្រប់ សមត្ថកិច្ច​ថៃ​ក៏បាន​អនុវត្តតាម​វិធានការ​របស់​ផ្នែក​សុខាភិបាល និង​ឃុំខ្លួន​បញ្ជូនទៅ​ឲ្យ​ជំនាញ ដើម្បី​ចាត់ការ​តាមច្បាប់​បន្ត​។

ចំណែក​ករណី​ទី​២​កម្លាំង​ការពារ​ព្រំដែន​របស់​ថៃ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ក្នុង​ទឹកដី​ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ ទាហាន​ប្រាណ​កង​រយ​ទី​១២០៣ នៅ​យប់ ថ្ងៃទី ២២ នោះ សហការ ចេញ​ល្បាត និង​ឃ្លាំមើល ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ បាន​ប្រទះឃើញ​ពលករ​ខ្មែរ​ចំនួន​១០​នាក់ ក្នុង​នោះ​ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់​ទៀត ពេលដែល​កំពង់​ដើរ នៅ​បរិវេណ​ភូមិ​ទ័ព​សៀម ឃុំ​តា​ព្រះ​យ៉ា ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ ទើប​ចូលទៅ​ត្រួតពិនិត្យ​ជំ​ហ៊ាន​ដំបូង មិនមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ក្រោយ​សមត្ថកិច្ច​ថៃ​ត្រួតពិនិត្យបាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ខាងលើ ព្យាយាម​លួច​ឆ្លងដែន​ចូល​មក​ប្រទេស​ថៃ ដើម្បី​ស៊ីឈ្នួល​ក្នុង​ប្រទេស​ថៃ ទើប​សមត្ថកិច្ច​នាំខ្លួន​មក​សួរចម្លើយ​បន្ថែម នៅ​ទី​បញ្ជា​រការ​កង​រយ​ទី​១២០៣ និង​បញ្ជូន​បន្តទៅ​ឲ្យ​ជំនាញ ដើម្បីចាត់​ការ​តាមច្បាប់​៕

មតិយោបល់