ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ផល សំណាង ត្រូវសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនដោយករណី គំរាមគំហែង នឹងធ្វើអោយខូចខាតទ្រព្យសម្បត្តិ ដោយចេតនា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ច្រឹង ណារី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាម្តាយរបស់ជនសង្ស័យ បានឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសឈ្មោះ ផល សំណាង បានមកសុំលុយពីគាត់ ដោយមិនបានប្រាប់ពី គោលបំណង ហើយបងស្រីក៏ប្រាប់ទៅកូនថា គាត់គ្មានលុយទេ ចង់បានលុយយកទៅធ្វើអី ដោយខឹងសុំលុយមិនបាន ជនសង្ស័យ បានធ្វើសកម្មភាពដេញវាយមកលើរូបគាត់ នឹងគំរាមសម្លាប់ម្តាយ ព្រមទាំងបំផ្លិចបំផ្លាញ សម្ភារៈខូចខាតអស់ មួយចំនួន ។ ដោយទ្រាំនឹងទង្វើកូនប្រុសមិនបាន បងស្រីបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ។
លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តគោលភូមិ-ឃុំមានសុវត្ថិភាព លោកបានចាត់ចែង ឲ្យកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផល សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ យកមកកាន់អធិការដ្ឋាន ។
លោកអធិការបានបន្តថា ក្រោយសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យសារភាពថា មូលហេតុដែលខ្លួនគំរាមទារប្រាក់ពីម្តាយ គឺដើម្បីយកទៅប្រើប្រាស់ថ្នាំញៀន បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
មតិយោបល់