១០ចំណុច គួររិះគិត ដើម្បីជីវិតអាពាហ៍ពិពាហ៍ មានសុភមង្គល

បើសម្លឹងមើលបែបធម្មតាៗ​ ឆាកអាពាហ៍ពិពាហ៍ អាចជាឆាកបញ្ចប់ ដ៏សែនមហា Happy របស់គូស្នេហ៍ទាំងឡាយ តែសម្រាប់ជីវិតពិតវិញ ការរៀបការ ឬការយល់ព្រម រួមរស់នៅជាមួយគ្នាជាជីវិតគូ គឺគ្រាន់តែជាការចាប់ផ្ដើម នៃការកសាងក្រុមគ្រួសារប៉ុណ្ណោះ។ មនុស្សជាច្រើន កាលនៅជាគូស្នេហ៍ ពួកគេស្រឡាញ់គ្នា ស្ទើរបាត់មុខមិនបាន តែពេលបានរៀបការ និងបានរួមរស់នៅជាមួយគ្នាហើយ បែរជាជួបបញ្ហា និងរឿងរ៉ាវដ៏ច្រើន រហូតដល់ពេលខ្លះ អាចធ្វើឱ្យជីវិតគូ បាក់បែកដួលរលំទៀតផងក៏មាន។

គំនិតគួររិះគិតល្អៗ ចំនួន ១០ចំណុច ដែលមនុស្សគ្រប់រូប អាចនាំយកទៅប្រើ ក្នុងជីវិតជាស្វាមី-ភរិយារបស់ខ្លួន ដើម្បីឱ្យគ្រួសារមានសេចក្ដីសុខសុភមង្គល មកជម្រាបជូន ប្អូនៗ និងមិត្តអ្នកអានទាំងអស់គ្នា ដូចតទៅ…។

 

១. រៀនយល់ដឹង ក្នុងការធ្វើជាអ្នកឱ្យ និងអ្នកទទួល

នៅពេលយើងគិតថា នឹងរស់នៅជាជីវិតគូ ជាមួយនឹងនរណាម្នាក់ហើយ ចូរកុំនឹកសង្ឃឹម ត្រឹមតែឱ្យគេមកស្រឡាញ់ និងធ្វើអ្វីដើម្បីយើងតែម្យ៉ាងនោះ តែយើងគួររៀនយល់ដឹង ក្នុងការធ្វើជាអ្នកលះបង់ ឱ្យគេខ្លះផង… ធ្វើឱ្យគេមានសេចក្ដីសុខ យកចិត្តយកថ្លើម លើកទឹកចិត្តគ្នាទៅវិញទៅមក ផ្លាស់គ្នាធ្វើជាអ្នកឱ្យ និងអ្នកទទួល ព្រោះទាំងអស់ហ្នឹង វានឹងធ្វើឱ្យយើង មានអារម្មណ៍ល្អទាំង ២នាក់ មិនមែនឱ្យនរណាម្នាក់ គិតតែពីលះបង់តែម្ខាងៗនោះទេ។

២. ស្មោះត្រង់នឹងគ្នា និងជឿទុកចិត្តគ្នា

សម្រាប់ជីវិតគូ ភាពស្មោះត្រង់ គឺជារឿងធំជាងគេបំផុត ហើយក្រៅពីយើងស្មោះត្រង់ចំពោះគ្នាហើយ គួរមានភាពជឿទុកចិត្ត លើមនុស្សដែលយើងស្រឡាញ់ផង។ បើមានការមិនជឿទុកចិត្ត ឬប្រចែប្រចណ្ឌ ហួងហែងគ្នាខ្លាំងជ្រុលពេក វានឹងធ្វើឱ្យជីវិតគូមានតែបញ្ហា។

៣. រៀនយល់ដឹង ទទួលស្គាល់ និងកែសម្រួល ចាប់ពីខ្លួនឯងជាមុន

ចូរទន្ទេញទុកជាប់ជានិច្ចថា យើងមិនអាចផ្លាស់ប្ដូរអ្នកដទៃបានទេ តែយើងអាចផ្លាស់ប្ដូរខ្លួនឯងបាន ដូច្នេះកុំសង្ឃឹមថា មនុស្សដែលយើងស្រឡាញ់ នឹងកែសម្រួលខ្លួនគេដើម្បីយើង ឬគេត្រូវតែផ្លាស់ប្ដូរអ្វីៗ ដើម្បីឱ្យដូចតាមចិត្តយើងចង់បាននោះ តែចូរយល់ដឹងពីអ្វី ដែលជារូបគេ និងបើសិនរកឃើញភាពផ្សេងគ្នា ដែលច្រើនជ្រុលពេកនោះ ចូរសាកល្បងផ្លាស់ប្ដូរខ្លួនយើងជាមុនសិន។ បើទាំងសងខាងជួយគ្នាកែសម្រួលខ្លួន ចូលរកគ្នាទៅវិញទៅមកបាន នោះប្រាកដជានឹងអាចរស់នៅរួមគ្នា បានយ៉ាងរលូនល្អមិនខាន។

៤. ផ្ដល់កិត្តិយស ចំពោះគ្នាទៅវិញទៅមកជានិច្ច

មិនថាស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្រឡាញ់គ្នាមកយូរប៉ុនណាហើយក៏ដោយ មនុស្សគ្រប់រូប នៅតែត្រូវការទីតាំងផ្ទាល់ខ្លួន និងចង់បានការផ្ដល់កិត្តិយសឱ្យជានិច្ច។ ទោះក្លាយជាស្វាមី-ភរិយានឹងគ្នាហើយក៏ដោយ ទាំង ២នាក់ ក៏គួរតែទុកចន្លោះទំនេរមួយ ឱ្យគ្នាទៅវិញទៅមកដែរ កុំសង្កត់ ឬជិះជាន់មនុស្សដែលយើងស្រឡាញ់ ទោះជាគេមានឥរិយាបថថា ចុះញ៉មហើយក៏ដោយ និងកុំលូកលាន់ កកូរកកាយគេ គ្រប់តែរឿងឱ្យសោះ ព្រោះវានឹងនាំមកនូវភាពទើសទាល់ ធុញថប់ដល់មនុស្សដែលយើងស្រឡាញ់។

៥.កុំភ្លេចនឹកដល់ពាក្យថា “ចិត្តយើង ចិត្តគេ”

ទោះជាចង់ធ្វើអ្វី ឬប្រុងនិយាយអ្វីចេញទៅក៏ដោយ ចូរនឹកគិតជាប់ជានិច្ចថា បើសិនគេ ជារូបយើងវិញ តើយើងនឹងមានអារម្មណ៍យ៉ាងណា? នោះយើងនឹងដឹងភ្លាមថា តើគួរធ្វើបែបហ្នឹងឬទេ?

៦. នៅក្បែរជានិច្ច តែមិនកាន់ជើង

គូស្នេហ៍ដែលល្អ គឺអ្នកដែលនៅក្បែរគ្នាជានិច្ច ទោះជាពេលមានបញ្ហាក៏ដោយ…នៅផ្ដល់កម្លាំងចិត្ត មិនស្ដីបន្ទោសបន្ថែម តែខណៈពេលជាមួយគ្នា ក៏ត្រូវចេះដាស់តឿន នៅពេលមើលឃើញថាខុស និងមិនត្រឹមត្រូវ ឬមិនសមគួរផងដែរ។ មិនមែនថា គេជាគូស្នេហ៍យើងហើយ ត្រូវតែកាន់ជើងគេគ្រប់តែរឿង ឬគេធ្វើអ្វី ក៏សុទ្ធតែត្រូវទាំងអស់នោះទេ ហើយការដាស់តឿននោះទៀតសោត គួរធ្វើឡើងតែ ២នាក់ស្ងាត់ៗ កុំបំបាក់មុខគូស្នេហ៍ ដោយការស្រែកជេរបញ្ចោរគេ នៅមុខអ្នកដទៃជាដាច់ខាត។

៧. កុំប្រៀបធៀបគូស្នេហ៍របស់យើង ជាមួយគូស្នេហ៍អ្នកដទៃ

ប្រាកដណាស់ថា គ្មានអ្នកណាល្អឥតខ្ចោះគ្រប់យ៉ាងនោះទេ ខ្លួនយើងក៏ដូចគ្នាដែរ ដូច្នេះ ចូរកុំយកគូស្នេហ៍របស់យើង ទៅប្រៀបធៀបជាមួយគូស្នេហ៍របស់អ្នកដទៃ…កុំសរសើរថា ប្ដី(ឬប្រពន្ធ)របស់គេម្នាក់នោះ ល្អអ៊ីចេះ ល្អអ៊ីចុះ ព្រោះវានឹងក្លាយជាការបំបាក់អារម្មណ៍របស់មនុស្ស ដែលយើងស្រឡាញ់ខ្លាំងណាស់ (ដឹងទេ?)។

៨. ពេលគេជាភ្លើង ចូរយើងធ្វើជាទឹក

ប្រហែលជាគ្មានគូស្នេហ៍ ១គូណា ដែលមិនធ្លាប់ឈ្លោះគ្នានោះទេ តែធ្វើយ៉ាងណា កុំឱ្យការឈ្លោះនោះក្លាយជាបញ្ហារីកធំឡើង។ នៅពេលឃើញថា គេកំពុងតែក្ដៅដូចភ្លើងហើយនោះ យើងគួរតែធ្វើចិត្តឱ្យត្រជាក់ និងស្ងប់ នឹងធឹងជាងគេឱ្យបាន ព្រោះបើសិនជារឹតតែក្ដៅដាក់គ្នា នឹងរឹតតែនាំមកនូវបញ្ហា ថែមឡើងប៉ុណ្ណោះ។

៩. ឧស្សាហ៍បន្ថែម ភាពផ្អែមល្ហែមក្នុងជីវិតគូ

នៅពេលរស់នៅជាមួយគ្នាយូរៗទៅ គូខ្លះក៏ភ្លេចអស់ ភាពផ្អែមល្ហែម រ៉ូមែនទិក ដែលធ្លាប់មានឱ្យគ្នាកាលស្នេហ៍គ្រាដំបូង…ដូច្នេះគួរតែមានពេលវេលា ក្នុងការទៅធ្វើអ្វីៗជាមួយគ្នា ដូចជា ទៅដើរលេងជាមួយគ្នា ឬមានកាដូ ធ្វើឱ្យភ្ញាក់ផ្អើលក្នុងឱកាសពិសេសៗខ្លះផង។ បបួលគ្នាជជែក ពីរឿងកាលដែលទើបស្រឡាញ់គ្នាថ្មីៗ ឬនាំគ្នាទៅរំឭកអនុស្សាវរីយ៍ នៅតាមទីកន្លែងផ្សេងៗដែលធ្លាប់បានទៅកាលពីមុន…ទាំងអស់នេះ នឹងធ្វើឱ្យសេចក្ដីស្នេហារីកស្រស់ឡើងវិញ យ៉ាងមិនគួរឱ្យជឿ…។

១០. បញ្ឈប់ការនឹករំពឹង ហើយស្រឡាញ់គ្នាយ៉ាងល្អបំផុត

ការនឹករំពឹងទុកលើអ្វីមួយ មិនដែលធ្វើឱ្យជីវិតអ្នកណាម្នាក់ មានសេចក្ដីសុខយ៉ាងពិតប្រាកដនោះទេ… សម្រាប់សេចក្ដីស្នេហា ក៏ដូចគ្នាដែរ យើងមិនគួរនឹករំពឹងអ្វីចំពោះគូស្នេហ៍របស់យើងខ្លាំងជ្រុលពេកទេ ព្រោះវានឹងធ្វើឱ្យគេមានអារម្មណ៍ទើសទាល់ ហើយខ្លួនយើងក៏នឹងមានទុក្ខដែរ បើសិនជា មិនបានដូចការនឹករំពឹងទុក…។

 

«ជីវិតមនុស្សយើងគ្រប់ៗគ្នា សុទ្ធតែរាប់ពេលវេលាថយក្រោយដូចគ្នាជារៀងរាល់ថ្ងៃ ដូច្នេះ ចូរស្រឡាញ់គ្នា ឱ្យបានល្អបំផុតរៀងរាល់ថ្ងៃ…»

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *