ព័ត៌មានជាតិ

រុស្ស៊ី ចាប់ខ្លួនក្រុម Hacker ជាប់សង្ស័យវាយប្រហារព័ត៌មានវិទ្យា លើក្រុមហ៊ុនអាមេរិក

(ម៉ូស្គូ)៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលជាសមាជិកក្រុម Hacker មួយ តាមសំណើរបស់សហរដ្ឋអាមេរិក ដែលសង្ស័យថាក្រុម Hacker នេះជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យា លើក្រុមហ៊ុនអាមេរិក។

បើតាម FSB មនុស្ស១៤នាក់ ជាសមាជិកក្រុម Hacker មានមូលដ្ឋានក្នុងប្រទេសរុស្ស៊ី ឬគេស្គាល់ឈ្មោះថា REvil ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រកន្លងទៅនេះ។ REvil គឺជា Hacker មួយក្រុម ដែលជាប់សង្ស័យថាបានវាយប្រហារព័ត៌មានវិទ្យាលើបណ្ដាក្រុមហ៊ុន និងអង្គការមួយចំនួននៅក្នុង សហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក តាមរយៈការប្រើមេរោគឈ្មោះថា «ransomware» ដើម្បីជំរិតទារប្រាក់។

FSB ក៏បានរឹបអូសកុំព្យូទ័រ, រថយន្ដជាច្រើនគ្រឿង រួមទាំងឧបករណ៍សង្ស័យជាច្រើន ទៀតដែលត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ៕

ប្រភព៖ Reuters

មតិយោបល់