ព័ត៌មានជាតិ

ការបានរៀបការ នឹងធ្វើឱ្យយើងមានសេចក្ដីសុខ និងអាយុវែង

អ្នកដែលមានសុខភាពល្អ និងអាយុវែង មិនមែនជាមនុស្ស ដែលមានសេចក្ដីសុខតែម្យ៉ាងនោះទេ ដោយសារបច្ចុប្បន្ននេះ គេគួរតែរាប់ ការបានរៀបការ ចូលក្នុងនោះមួយទៀតដែរ ព្រោះគូអាពាហ៍ពិពាហ៍ ឬគូជីវិត គឺជាមនុស្សដែលនឹងសាងសេចក្ដីសុខដល់ដៃគូរបស់ខ្លួន និងធ្វើឱ្យអាយុរបស់ពួកគេ កាន់តែវែងឡើងទៀតផង។ ក្រុមអ្នកស្រាវជ្រាវផ្នែកកម្មវិធី កាំរស្មីមហារីកវិទ្យា ពីមហាវិទ្យាល័យ ហាវ៉ាដ បានរកឃើញថា អ្នកដែលបានរៀបការ ដែលមានជំងឺមហារីក ច្រើនមានជីវិតរស់នៅ បានយូរជាងអ្នកនៅលីវ និងមានជំងឺដូចគ្នានេះ។

ក្នុងអំឡុង ៤ឆ្នាំកន្លងមកនេះ មានអ្នកជំងឺច្រើនជាង ៧៣៥ ០០០នាក់ បានទទួលការវិនិច្ឆ័យថា កើតជំងឺមហារីក ហើយជំងឺមហារីកចង្រៃ ដែលសម្លាប់ជីវិតមនុស្សច្រើនជាងគេ មានដូចជា មហារីកពោះវៀនធំ មហារីកសុដន និងមហារីកថ្លើម។ តាមរយៈការសិក្សាស្រាវជ្រាវ បានរកឃើញថា ការនៅលីវ ឬរស់នៅតែម្នាក់ឯង គ្មានគូគ្រង គឺជាបច្ច័យប្រឈម សម្រាប់អ្នកកើតជំងឺមហារីក ព្រោះពួកគេអាចនឹងគ្មានសេចក្ដីព្យាយាម និងការតាំងចិត្ត ចូលទៅទទួលយកការព្យាបាល តាមដែលអាចធ្វើបានឡើយ។ ដោយហេតុនេះ ការគាំទ្រពីដៃគូជីវិត នឹងជួយជំរុញឱ្យគូជីវិតរបស់ខ្លួន មានជីវិតកាន់តែយឺនយូរឡើង ដូច្នេះគោលបំណងចុងក្រោយ នៃការធ្វើឱ្យមានជីវិតរស់នៅបានយូរអង្វែងឡើង គឺការមានជីវិតអាពាហ៍ពិពាហ៍ដែលល្អ និងមានសេចក្ដីសុខឥតខ្ចោះ។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវផ្សេងៗទៀត នៅបានរកឃើញទៀតថា គូអាពាហ៍ពិពាហ៍ ដែលមានសេចក្ដីសុខ ច្រើនតែមានសុខភាពល្អប្រសើរ ជាងមនុស្សទាំងឡាយទៀតផង។

ការសិក្សាស្រាវជ្រាវមួយ ដែលបានបោះពុម្ពផ្សាយ នៅក្នុងព្រឹត្តិបត្រពាក់ព័ន្ធនឹងការរៀបការ និងជីវិតគ្រួសារ បានតាមដាន គូស្វាមីភរិយាចំនួន ១ ៦៨១គូ ដើម្បីចង់សង្កេតមើលថា តើសភាវសេចក្ដីសុខ ក្នុងជីវិតអាពាហ៍ពិពាហ៍ មានផលល្អ ដល់សុខភាពរាងកាយរបស់ពួកគេយ៉ាងណាខ្លះ?។ ការសិក្សាស្រាវជ្រាវនោះបានរកឃើញថា កិច្ចការងាររវាងគូស្វាមីភរិយា ដូចជាការដើរលេងក្នុងពេលរាត្រី ការមើលខ្សែភាពយន្តនៅពេលយប់ ឬការចេញទៅញ៉ាំអាហារនៅក្រៅផ្ទះជាមួយគ្នា សុទ្ធតែធ្វើឱ្យគូស្វាមីភរិយាទាំងនោះ មានសេចក្ដីសុខ និងមានសុខភាពល្អឡើង។ អ្នកសិក្សាស្រាវជ្រាវ ក៏បានធ្វើការវិភាគដោយការដាក់សំនួរ ១១ចំណុច សម្រាប់គូស្វាមីភរិយាចំនួន ១ ៦៨១គូនោះ ដើម្បីសង្កេតមើលថា តើពួកគេមានសេចក្ដីសុខប៉ុនណា និងមានវិធីចាត់ការជាមួយការប្រចណ្ឌហួងហែង កំហឹង និងភាពមិនស្មោះត្រង់នឹងគ្នា យ៉ាងណាខ្លះទៀតផង។

លទ្ធផលនៃការវិភាគ បានបង្ហាញឱ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍ ដែលមានគុណភាពល្អ និងការមានសុខភាពល្អនោះ ជារឿងដែលគួបផ្សំទៅជាមួយគ្នា និងទោះបីជាគូស្វាមីភរិយា មានអាយុខុសឆ្ងាយពីគ្នាក៏ដោយ ក៏សម្ព័ន្ធភាពដ៏ល្អអស្ចារ្យបំផុត នៅតែជាជីវិតអាពាហ៍ពិពាហ៍ ដែលពោរពេញទៅដោយសេចក្ដីសុខ និងមានសុខភាពរឹងប៉ឹងល្អជានិច្ចដែរ។

គ្មានចំណុចអវិជ្ជមានអ្វីទាំងអស់ សម្រាប់ការងារវិភាគទាំង ២យ៉ាងនេះ ហើយអ្វីដែលសំខាន់ ការវិភាគនេះ ថែមទាំងជាការចង្អុល ឱ្យឃើញពីភាពសំខាន់របស់តួបុគ្គលម្នាក់ៗ សម្ព័ន្ធភាពរបស់ពួកគេ និងការបានរៀបការជាមួយគ្នាទៀតផង៕

 

មតិយោបល់