ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បាននាំខ្លួនស្រ្តីសង្ស័យ ក្នុងករណីប៉ុនប៉ងឃាតកម្ម ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ត្រូវបានមកធ្វើត្រាប់ តាមពីសកម្មភាពដ៏ឃោរឃៅរបស់ខ្លួននៅចំណុចបន្ទប់ផ្ទះលេខ០១៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ យិន សុធារ៉ា ហៅមុំ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់សង្ស័យក្នុងករណីប៉ុនប៉ងឃាតកម្ម យកស្កុតបិតមាត់ទារិកា អាយុ៥ខែ ដាក់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ បោះចោលក្នុងគំនរសំរាមកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។
ចំណែកម្តាយក្មេងរងគ្រោះមានឈ្មោះ មាស សុវណ្ណា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅ ផ្ទះលេខ ១៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈ វត្ថុតាងបន្សល់ទុកៈ ទារិកា អាយុ៥ខែ មាត់បិតស្កុត ដាក់ក្នុងថង់ប្លាស្ទិចពណ៌ខ្មៅ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យត្រូវជា មិត្ដភក្តិនឹងគ្នា បានទៅលេងបៀរនៅផ្ទះរបស់ជនរងគ្រោះ ពេលកំពុងលេងបៀរ ជនសង្ស័យ បានឡើងទៅចូលបន្ទប់ទឹកជាន់ឡៅតឿ ក៏បានឃើញ ទារិកា ដែលជាកូនស្រីរបស់ជនរងគ្រោះ ដេក នៅលើជាន់ឡៅតឿ ភ្លាមនោះជនសង្ស័យក៏បានធ្វើសកម្មភាពយកស្កុតបិត មាត់ទារិកាដាក់ចូលក្នុងថង់ប្លាស្ទិចពណ៌ខ្មៅ ហើយសម្រូតចុះមកដី បន្ទាប់មកជនសង្ស័យបានចូលទៅធ្វើជាលេងបៀរជាមួយគេធ្វើធម្មតា បាន ប្រហែល២ទៅ៣ក្ដា ក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញ ដោយបានយកទារិកាដែលជនសង្ស័យ បានសម្រូតខ្សែទម្លាក់ចុះមកដីយក ទៅជាមួយផង។ ពេលនោះជនរងគ្រោះបានឡើងទៅមើលកូនរស់ ខ្លួននៅជាន់ឡៅតឿស្រាប់តែបាត់កូនមិនឃើញ ក៏ផ្អើលឆោឡោឡើង ហើយបាននាំគ្នាដើររក លុះដល់វេលាម៉ោងប្រហែល ៤និង២០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ យិន សុធារ៉ា បានជិះម៉ូតូចេញពីផ្ទះដោយយកទារិកាដាក់ចូលក្នុងថង់ខ្មៅ បិតស្កុតមាត់ មកផ្លុងចោលក្នុងគំនរសំរាម ពេលនោះក្រុមគ្រួសាររបស់ជនរងគ្រោះបានឃើញ ក៏រើសទារិកាត្រឡប់មកវិញ និងបានឃាត់នាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្ដង៕
មតិយោបល់