ព័ត៌មានជាតិ

ព្រោះតែនេះជាឆ្នាំខាល! បានធ្វើឲ្យសត្វខ្លានៅសួនសត្វចិន កើនឡើងប្រជាប្រិយភាព

នៅសួនសត្វ Shenzhen (សិនចិន) ដែលស្ថិតនៅភាគខាងត្បូងខេត្ត Guangdong (គ័ងទុង) ប្រទេសចិន គឺជាសួនសត្វដំបូងគេនៅចិនដែលអនុញ្ញាតឲ្យសត្វរត់លេងដោយសេរីនៅជុំវិញសួនសត្វ។

សត្វខ្លានៅតាមសួនសត្វនៅប្រទេសចិន បានក្លាយជាទីចាប់អារម្មណ៍មួយជាមួយការចូលមកដល់នូវឆ្នាំខាល ដែលតាមប្រតិទិនចិនឆ្នាំខាលគឺគិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ឆ្មាំសួនសត្វនេះបានឲ្យដឹងថាមានសត្វខ្លាពូជស៊ីបេរីចំនួន១១ក្បាល បាននាំមកកាន់សួនសត្វមុនពិធីបុណ្យចូលឆ្នាំចិន ដែលសត្វខ្លាទាំងនេះបានទាក់ទាញភ្ញៀវជាច្រើននៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។សត្វខ្លាពូជស៊ីបេរីគឺជាពពួកសត្វឆ្មាព្រៃដ៏ធំជាងគេមួយក្នុងលោក ដោយពួកវានិយមរស់នៅភាគខាងកើតប្រទេសរុស្ស៊ី, ភាគឦសាននៃប្រទេសចិន និងភាគខាងជើងនៃឧបទ្វីបកូរ៉េផងដែរ។

ជម្រកសត្វខ្លាមួយកន្លែងទៀតដែលស្ថិតនៅខេត្ត Guangdong (គ័ងទុង) ដូចគ្នា ក៏បានទាក់ទាញភ្ញៀវទៅទស្សនាយ៉ាងកុះករ ក្រោយពីមានសត្វខ្លាបង្កើតបានកូនភ្លោះកាលពីមួយខែមុន។ សត្វខ្លាភ្លោះនេះគឺជាពូជសត្វខ្លាចិនខាងត្បូង ដែលជាប្រភេទសត្វកម្រមួយក្នុងប្រទេសចិន។នៅមានជម្រកសត្វខ្លាមួយកន្លែងទៀតគឺស្ថិតនៅទីក្រុង Shenyang (ហ្សិនយ៉ាង) នៃខេត្ត Liaoning (លៀវនីង) ដែលនៅជម្រកនេះគេកំពុងព្យាយាមស្ដារឡើងវិញនូវព្រៃធម្មជាតិ សម្រាប់ជាទីរស់នៅរបស់ពូជសត្វខ្លា ស៊ីបេរី។ ឆ្មាំនៃជម្រកនេះមើលថែកូនសត្វខ្លាស៊ីបេរីរហូតដល់ពេលដែលវាមានអាយុ៦ខែ រួចទើបលែងឲ្យវាទៅរស់នៅជាមួយសត្វខ្លាធំៗ៕

មតិយោបល់