កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយយុវជន ០២នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន វ៉ាស្ដាំរថយន្តមួយគ្រឿង កំពុងធ្វើដំណើរនៅពីមុខ បណ្ដាលឲ្យដួល ខណៈរថយន្ត១គ្រឿងទៀត ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នា កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃន ប៊ុនលី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់) អ្នកបើកម៉ូតូ ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់) ជិះម៉ូតូ ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1T-2825 ។
ចំណែកឯរថយន្តបុកម៉ូតូជនរងគ្រោះ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4984 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុបានបើករត់គេចខ្លួនបាត់។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៥ មកដល់ចំណុចកើតហេតុ ក៏បានបន្ថែមល្បឿន វ៉ាជែងរថយន្ត១គ្រឿង ពុំស្គាល់ម៉ាកបើកនៅខាងមុខ ខណៈនោះស្រាប់តែម៉ូតូជនរងគ្រោះដួល ធ្វើឲ្យជនរងគ្រោះខ្ទាតចូលទៅគន្លងផ្លូវម្ខាងទៀត ត្រូវរថយន្ត ម៉ាក HYUNDAI ខាងលើ ឈប់មិនទាន់បានបុកជនរងគ្រោះ បណ្ដាលឲ្យ អ្នករួមដំណើរពីក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម្នាក់ទៀតជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកជែងវ៉ាស្តាំ មិនប្រយ័ត្ន ក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយពេលកើតហេតុកម្លាំងនគរបាល ចុះធ្វើការត្រួតពិនិត្យ វាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯអ្នករងរបួសធ្ងន់ ត្រូវបានឡានសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយទ្បែកសព សមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់