ព័ត៌មានជាតិ

សមត្តកិច្ចចាប់ខ្លួនប្រុសស្រីចំនួន៨នាក់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សជំរិតទារប្រាក់ក្នុងសណ្ឋាគារមួយ នៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖មនុស្សប្រុសស្រីចំនួន៨នាក់ត្រូវបានសមត្តកិច្ចជំនាញចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ខាំងមនុស្សជំរិតទារប្រាក់នៅក្នុងសណ្ឋាគារយីហោ ខលល័រ កាលពីវេលាម៉ោង ១:៥០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៨នាក់នេះ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងសណ្ឋាគារយីហោ ខលល័រ មានករណីបង្ខាំងមនុស្សជំរិតទារប្រាក់ ទើបកម្លាំងព្រហ្មទណ្ទកម្រិតស្រាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចុះប្រតិបត្តិការផ្ទាល់ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន ចូលឆែកឆេរ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៤នាក់ (ស្រីម្នាក់) និងជនជាតិខ្មែរចំនួន ៤នាក់ (ជាបុគ្គលិក)។ ក្រៅពីចាប់ខ្លួន សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន ៧គ្រឿង ផងដែរ។
សូមបញ្ជាក់ថា ក្រោយប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ បាននាំខ្លួនមនុស្សប្រុសស្រីទាំង ៨នាក់ បញ្ជូនទៅការិយាល័យជំនាញផ្នែកព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរបន្តនីតិវិធីច្បាប់។ ចំពោះទីតាំង ត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានបិទជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេតបន្ត៕

មតិយោបល់