ព័ត៌មានជាតិ

ទឹកដ៏ធំល្វឹងល្វើយ បានផ្ដាច់ជីវិតសិស្សអនុវិទ្យាល័យតាញ៉ោកនៅបាតស្ទឹង ខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីក្មេងលង់ទឹកស្លាប់នៅកំពង់ក្របៅ ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ តាំង ធារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាសិស្សថ្នាក់ទី៧ នៃសាលាអនុវិទ្យាល័យតាញ៉ោក មានទីលំនៅនៅភូមិស៊ីវុត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (រស់នៅម្នាក់ឯង)។

យោងតាមសាក្សី១/ឈ្មោះ ធាង ចុងថាង ភេទប្រុស អាយុ ១១ឆ្នាំ ២/ឈ្មោះ មៀឌ រដ្ឋ ភេទប្រុសអាយុ ១៣ឆ្នាំ ៣/ឈ្មោះ លាក់ ជីលាំង ភេទប្រុស អាយុ ១១ឆ្នាំនៅភូមិជាមួយគ្នា ពួកគេបានរៀបរាប់ថា មុនកើតហេតុបាននាំគ្នាមកលេងទឹកស្ទឹង នៅចំណុចកើតហេតុខាងលើ ជនរងគ្រោះបានដើរ តាមបណ្ដោយទឹកស្ទឹងមកខាងក្រោមកំពង់ក្របៅនេះ ក៏បានធ្លាក់ល្បាក់អន្លង់ បណ្ដាលឲ្យលង់លិចទឹកបាត់នៅទីនោះ។ ពេលឃើញដូច្នេះ រត់ទៅប្រាប់ឪពុកម្ដាយនៅឯផ្ទះ ហើយសាច់ញាតិជិតខាងនាំគ្នា ទៅដល់ទីកន្លែងកើតហេតុ នាំគ្នាមុជទឹកស្ទឹងរាវរកជនរងគ្រោះ អ្នកភូមិជាច្រើននាក់បាននាំគ្នា មុតរាវរកទាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ជួយចាត់ចែងរាវរក លុះដល់ម៉ោង ១២និង២០នាទីរសៀល ទើបបាន ឈ្មោះ សៀន សៀ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិប្រាសាទ រាវប្រទះឃើញរងគ្រោះនៅបាតស្ទឹង។

ក្រោយទទួលដំណឹងភ្លាម កម្លាំងជំនាញសហការជាមួយ ប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋ ចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ឃើញប្រអប់មាត់មានទឹកលាយភក់ ក្រៅពីនេះនៅលើដងខ្លួនអវយវ:ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចសព ត្រូវបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់