សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រថយន្តតម្លៃថ្លៃៗភាគច្រើនជារបស់អ្នកមាន និងអ្នកធំៗ និងរថយន្ដ ខ្លះទៀតបានជ្រកក្រោមស្លាកលេខមិនបង់ពន្ធដូចជានគរបាល កងទ័ព រដ្ឋសភា ព្រឹទ្ធសភា ឬរាជរដ្ឋាភិបាលជាដើម។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំស្នើឱ្យកម្លាំងទាំងអស់ ទាំងកងកម្លាំងប្រដាប់អាវុធក៏ដូចជាកម្លាំងស៊ីវិលរបស់យើងគាំទ្រចំពោះដំណើរការប្រមូលពន្ធចំណូលជូនរដ្ឋ និងខិតខំសន្សំសំចៃជូនរដ្ឋ។ យើងត្រូវតែរួមគ្នាដើម្បីយុទ្ធនាការគាំទ្រដល់អង្គភាពគយ និងពន្ធដា”។ សម្តេចតេជោបានលើកឡើងថា បើសិនបណ្តែតបណ្តោយឱ្យវប្បធម៌អត់ពន្ធបន្តរស់មានបន្តទៀត គឺជាគ្រោះមហន្តរាយដល់ប្រទេសជាតិ។ សម្តេចតេជោគូសបញ្ជាក់ថា “តាំងពីខ្ញុំចេញបទបញ្ហាដាច់ខាតកន្លងមក ថាចាប់ពីខែមិថុនា ឬកក្កដា ឆ្នាំ២០២២នេះមិនត្រូវឱ្យមានឡានចង្កូតស្តាំ ឬអត់ពន្ធទៀតទេ យើងបានប្រមូលពន្ធចេញពីឡានដែលអត់ពន្ធមានចំនួន ៥ ៩៩៣ គ្រឿង ស្មើនឹង៥១លាន ៥០ម៉ឺនដុល្លារ (គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) ដែលនៅសល់ឡានជាងពាក់កណ្តាលទៀតមិនបានបង់ពន្ធ។ ដូច្នេះការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថាមានជាង១ម៉ឺនគ្រឿងមិនខុសទេ ដែលមានតម្លៃជាទឹកប្រាក់ជាង១០០លានដុល្លារ”។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ចាប់ពីការចេញនូវដាក់វិធានការមកយើងបានប្រមូលអ្នកដែលលួចពន្ធគឺជាង៥១លានដុល្លារ ដែលនេះគ្រាន់តែទាក់ទងនឹងរថយន្ត។ ដូច្នេះសម្ដេចតេជោសុំឱ្យមន្ត្រីក៏ដូចជាអ្នកមានរថយន្ត ឬម៉ូតូប្រើប្រាស់ត្រូវបង់ពន្ធជូនរដ្ឋ ហើយយើងមិនអាចមានការធ្វេសប្រហែសលើបញ្ហានេះទេ។ សម្តេចតេជោបានបន្ថែមថា “កន្លងមកមិនមែនអ្នកក្រណាមានលុយទិញឡានជិះនោះទេ អ្នកមានខ្លះមានលុយទិញឡានថ្លៃៗ ជិះហើយខ្លះលួចបន្លំស្លាកលេខទៀត ឬជួនកាលជ្រកក្រោមស្លាកលេខនគបាល ស្លាកលេខកងទ័ព ឬស្លាកលេខរដ្ឋសភា ព្រឹទ្ធសភា ឬស្លាកលេខរាជរដ្ឋាភិបាល។ តើអីចឹងទេអ្នកហ៊ានជិះ អីចឹងមានតែពួកអ្នកមាន ឬពួកអ្នកធំ”។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ដថា បើអ្នកមាន ឬអ្នកធំមានឡានតម្លៃថ្លៃៗ ហើយធ្វើគំរូមិនល្អ តើឱ្យគេបង់ពន្ធយ៉ាងណា។ ដូច្នេះសូមឱ្យបន្តធ្វើសហប្រតិបត្តិការ គឺមិនមែនគ្រាន់តែខ្លួនលួចពន្ធនោះទេ ត្រូវតែរុញអ្នកដែលមិនព្រមបង់ពន្ធឱ្យទៅបង់ពន្ធ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា “នេះជាចំណុច ហើយក៏ជាការចេញបញ្ជាដើម្បីគ្រប់ថ្នាក់ គ្រប់ស្ថាប័នធ្វើកិច្ចការងារនេះ។ យើងគិតមើលតើរាល់ថ្ងៃយើងបានថវិការពីណាបើក ប្រាក់ខែ គឺយើងស៊ីប្រាក់ខែមកពីការបង់ពន្ធ ហើយប្រាក់ខែនេះសម្រាប់ទូទាំងប្រទេស យើងត្រូវការចំណាយដទៃទៀត។ អីចឹងសូមឱ្យអ្នកទាំងអស់ គ្នាធ្វើការទាក់ទងនិងជួយគាំទ្រដល់ផ្នែកពន្ធដារ”៕
មតិយោបល់