ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យមានការតែងតាំងបងប្អូនឥស្លាម ជាអភិបាលរងខេត្ត ស្រុក ក្រុង ខណ្ឌ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ស្នើឱ្យមានការតែងតាំងបងប្អូនឥស្លាម សម្រាប់បណ្ដាខេត្តដែលមានបងប្អូន​ឥស្លាម​រស់​នៅច្រើន ជាអភិបាលរងខេត្ត ស្រុក ក្រុង ខណ្ឌ ដើម្បីងាយសម្រួលនៅក្នុងការ​ធ្វើទំនាក់ទំនងក្នុងសហគមន៍ ហើយដែលជាផ្នែកមួយនៃសុខដុមរមនាក្នុងចំណោម​ជាតិ​សាន៍របស់យើងផងដែរ។

ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារ​ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ​សុខា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំរាជធានី ខេត្ត ទៅលើការតែងតាំងមន្ត្រីថា ដោយកន្លង​ទៅយើងបានខិតខំរៀបចំឱ្យមានមន្ត្រីជនជាតិភាគតិចរបស់យើង នៅតំបន់ឦសាន និង​នៅខេត្តកោះកុង។ ប៉ុន្តែបញ្ហាមួយដែលសម្ដេចស្នើឱ្យយកចិត្តទុកដាក់នោះ គឺទាក់ទង​ជាមួយនឹងស្ថានភាពបោះចម្រុះនៅផ្នែកខាងក្នុង ដែលមានបងប្អូនឥស្លាមរស់នៅយ៉ាង​ច្រើន​នៅតាមបណ្ដាខេត្តនិងស្រុកមួយចំនួន។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «ខ្ញុំស្នើឱ្យ​បណ្ដាខេត្តដែលមានបងប្អូនឥស្លាមរស់នៅ យកចិត្តទុកដាក់រៀបចំ ដើម្បីឱ្យមានហោច​ណាស់អភិបាលរងមួយនាក់ជាជនជាតិឥស្លាម នៅក្នុងខេត្តដែលមានប្រជាជនច្រើន ហើយ​បើ​អាចធ្វើទៅបាន បើមានសមត្ថភាពថែមទៀតនោះ គឺធ្វើអភិបាលស្រុក ឬខណ្ឌ ដែលមានបងប្អូនឥស្លាមច្រើន»។ សម្ដេចតេជោថ្លែងបន្ដថា នេះមិនមែនជាកូតាទេ តែជា​បញ្ហាទាក់ទិនជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រួលដល់ការធ្វើ​ការងារ។ សម្ដេចតេជោបានលើកឡើងថា ចាប់ផ្ដើមតាំងពីយើងផ្ទេរការងារពីថ្នាក់ជាតិ ទៅ​ឱ្យ​ថ្នាក់ក្រោមជាតិ កិច្ចការថ្នាក់ក្រោមជាតិកាន់តែច្រើន។ ដូច្នេះហើយបានគណៈអចិន្ត្រៃយ៍​គណបក្សប្រជាជនកម្ពុជាបានសម្រេចប្រគល់ភារកិច្ចជូនសម្ដេចក្រឡាហោម ដើម្បីធ្វើ​វិសោធនកម្មច្បាប់ទាក់ទងជាមួយនឹងការបង្កើននូវចំនួនអាសនៈសម្រាប់គណៈអភិបាលខេត្ត រាជធានី គណៈអភិបាលក្រុង ស្រុក ខណ្ឌ ផងដែរ។ ដូច្នេះ សម្ដេចតេជោ​ស្នើឱ្យយក​ចិត្ត​ទុកដាក់ពិនិត្យ ស្រុកណាដែលមានជនជាតិឥស្លាមរស់នៅ គប្បីមានអភិបាលរង​ម្នាក់នៅ​ក្នុង​ស្រុកនោះ ឬខណ្ឌនោះ។ ធ្វើយ៉ាងដូច្នេះ គឺយើងងាយសម្រួលនៅក្នុង​ទំនាក់ទំនង​បែបសហគមន៍ ហើយវាដែលជាផ្នែកមួយនៃសុខដុមរមនាក្នុងចំណោមជាតិ​សាន៍របស់​យើង។ សម្ដេចតេជោក៏បានអំពាវចំពោះនិស្សិត ក៏ដូចជាមន្ត្រី ដែលជាជនជាតិឥស្លាម​យកចិត្តទុកដាក់ពង្រឹងសមត្ថភាព។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបណ្ដា​ខេត្ត​ដែលមានបងប្អូនឥស្លាម ពិនិត្យរៀបចំ ថាតើស្រុកប៉ុន្មាននៅក្នុងខេត្តរបស់ខ្លួនដែលគប្បី​ត្រូវរៀបចំ ហើយលើកសំណើនេះមកកាន់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលក្ខណៈ​សម្បត្តិ​តែងតាំងមន្ត្រីទាំងនោះនៅពេលក្រោយ។ សម្ដេចតេជោថ្លែងបន្ថែមឱ្យដឹងថា ខេត្តដែល​មានបងប្អូនឥស្លាមរស់នៅច្រើន រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពត និងរាជធានីភ្នំពេញក្នុងខណ្ឌមួយចំនួន។ល។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា យើងធ្វើបែបនេះគឺងាយស្រួល ឧទាហរណ៍ថា បញ្ហាកើតឡើងក្នុងតំបន់ឥស្លាមរស់នៅ អ្នកដែលធ្វើការងារសម្របសម្រួលនៅ​ទីនោះគឺ​ឥស្លាមនោះឯង ដែលចាំបាច់ត្រូវចេញមុខមុនគេធ្វើការដោះស្រាយអំពីបញ្ហានេះ៕

មតិយោបល់