ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញទុកពេល ២ទៅ៣ឆ្នាំឱ្យម្ចាស់បែចិញ្ចឹមត្រីឬផ្ទះបណ្តែតទឹកនៅព្រំប្រទល់ភ្នំពេញ – ខេត្តកណ្ដាល រកមុខរបរថ្មី

អាជ្ញាធររាជធានីភ្នំពេញបានទុកពេល ២ទៅ៣ឆ្នាំឱ្យម្ចាស់បែចិញ្ចឹមត្រីឬផ្ទះបណ្តែតទឹកនៅព្រំប្រទល់ភ្នំពេញ ខេត្តកណ្ដាល រកមុខរបរថ្មីដើម្បី មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកការងារផ្សេងៗ ដោយមិនឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅទី០១ខែមីនាឆ្នាំ២០២២ នៅទីស្តីការគណ:រដ្ឋមន្ត្រី លោក កើត ឆែ អភិបាលរងរាជធានីបានឱ្យដឹងថា កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកក៏ដូចជាបែចិញ្ចឹមត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើសំណង់មិនរៀបរយទាំងនោះចេញជាបន្តបន្ទាប់ព្រោះប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ធ្វើឱ្យចរន្តទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រីនិងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យទឹកខូចគុណភាព បំពុល បរិស្ថាននិងប៉ះពាល់ដល់សោភ័ណភាពក្រុងភ្នំពេញផងដែរ។ លោកបានបន្តថា រហូតមកដល់ពេលនេះ ផ្ទះបណ្តែតឬបែចិញ្ចឹមត្រីប្រមាណជាង២០០បែប៉ុណ្ណោះ ដែលកំពុងចិញ្ចឹមត្រី ហើយអាជ្ញាធររាជធានីភ្នំពេញទុកពេលឱ្យពួកគាត់ក្នុងរយៈពេល២ទៅ៣ឆ្នាំ មុននឹងសម្រេចឱ្យពួកគាត់បញ្ឈប់មុខរបរចិញ្ចឹមត្រីក្នុងទន្លេនេះទាំងស្រុង ដើម្បីសម្រួលឱ្យពួកគាត់មានពេលវេលាសមស្របក្នុងការផ្លាស់ប្ដូរមុខរបរផ្សេងៗ។

:«គ្រាន់តែផ្ទះបណ្ដែតទឹកដែលនៅសព្វថ្ងៃគឺនៅព្រំប្រទល់ខេត្តកណ្ដាលនិងព្រែកព្នៅប្រហែលជិត២០០បែ ហើយ២០០បែហ្នឹងបើយើងបានណែនាំគាត់ឱ្យធ្វើការចិញ្ចឹមត្រីនឹងបញ្ចប់ហើយគាត់រកមុខរបរ រយៈពេល ២ទៅ៣ឆ្នាំដើម្បីបញ្ចប់ការងារហ្នឹងហើយការរុះរើកន្លងមកគឺឬអ្នកខ្លះគាត់ឃើញគេដាក់បែ គាត់ដាក់ដែរអ៊ីចឹងចំពោះអ្នកណាមិនមានអាជីពជាអ្នកចិញ្ចឹមត្រីទេគឺយើងរុះរើតែម្ដង ហើយការរុះរើកន្លងមកយើងទាំងអស់គ្នាហើយទន្លេយើងស្អាតហើយ»។

ទន្ទឹមនឹងនោះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញដើម្បីបង្កើនផលត្រីឱ្យកាន់តែសម្បូរបែបបម្រើដល់ការហូបចុកឱ្យបានគ្រប់គ្រាន់៕

មតិយោបល់