ភ្នំពេញៈ នៅវេលាម៉ោង ០២ និង១០នាទីយប់រំលងអធ្រាត្រថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមារីហាយប្រ៊ីត មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តតូយ៉ូតាព្រូស មួយគ្រឿង កំពុងបើកឆ្លងកាត់ផ្លូវបែកជាបួនពេញទំហឹង ទីតាំងត្រង់ចំណុចក្បែរស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD-3786 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះបានបើកឆ្លងកាត់ផ្លូវកម្ពុជាក្រោម ពេលឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកកាមារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AK-2666 បើកបរដោយបុរសម្នាក់ និងស្ត្រីពីរទៅបីនាក់រួមដំណើរពីក្រោយ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តតូយ៉ូតាព្រូស ពេញទំហឹង បណ្តាលឲ្យរថយន្តតូយ៉ូតាព្រូស រងការខូចខាតក្រពឹតមួយចំហៀង ផ្នែកខាងឆ្វេងចំណែកឯរថយន្ត កាមារីហាយប្រ៊ីត បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
មតិយោបល់