ឡាវៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាតតៃ ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង៩និង៣០នាទី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៦ដល់ថ្ងៃទី៨កញ្ញា។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវ៉ាតតៃប្រកបដោយសុវត្តិភាព ក្រោមវត្តមាននៃការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និតស្នាល និងកក់ក្តៅបំផុតពីសំណាក់ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ានដំបូងគេ ដែលបានអញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន រយៈពេល៣ថ្ងៃនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសជាដៃគូរបស់អាស៊ានដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងធ្វើបទអន្តរាគមន៍ចំនួន១៣ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានារបស់អាស៊ាន។ ក្រៅពីនោះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏មានគម្រោង នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនារបស់អាស៊ាន ដើម្បីធ្វើការពិភាក្សាលើបញ្ហាទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
មតិយោបល់