ភ្នំពេញៈ ក្រោយពីបើកសវការដោយជនជាប់ចោទ និងមេធាវីការពារក្តីមិនព្រមចូលរួម លោក ហេង សុខណា ចៅក្រមជំនុំជម្រះសាលាដំបូងក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះនៅតែបន្តសវនាការលើសំណុំរឿង លោក អ៊ុំ សំអាន រហូតដល់ចប់ និងកំណត់ពេលប្រកាសលាសក្រមនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ខាងមុខ។
សូមបញ្ជាក់ថា សវនាការនាព្រឹកនេះ ជនជាប់ចោទលោក អ៊ុ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមេធាវីការពារសិទ្ធិជនជាប់ចោទ រួមមានលោក ហែម សុជាតិ លោក ជូង ជូងី និងលោក សំ សុគង់ បានដើរចេញពីបន្ទប់សវនាការ ក្រោមហេតុផលថា លោក អ៊ុំ សំអាន មានអភ័យឯកសិទ្ធិសភា ហើយបណ្ដឹងសុំមោឃភាពនីតិវិធីនៅដំណើរការនៅតុលាការកំពូលនៅឡើយ និងពួកគេយល់ថា ការបង្ហោះសំឡេង និយាយពីបញ្ហាព្រំដែនពុំមែនជាបទល្មើសនោះទេ។
សូមជម្រាបជូនថា លោក អ៊ុំ សំអាន ត្រូវបានលោក គុជ គឹមឡុង តំណាងអយ្យការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕
https://youtu.be/SALWFg46m30
មតិយោបល់