ព័ត៌មានជាតិ

Update៖រថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីកបុកម៉ូតូសេ១២៥អូសប្រហែល២០ម៉ែត្រជាង ស្ត្រីម្នាក់របួសធ្ងន់

ភ្នំពេញៈ រថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីកមួយគ្រឿង បើកលឿន ជ្រុលទៅបុកម៉ូតូស្ត្រីម្នាក់ដែលកំពុងជិះស្របទិសគ្នាចំពីក្រោយ បណ្តាលឲ្យអូសជាង២០ម៉ែត្រ សំណាងមិនបង្កឲ្យបាត់បងជីវិត គ្រាន់តែរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ឆន សៀងឌី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសឆ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ហៅមន្ទីពេទ្យរុស្ស៊ី) ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-7594 ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ជុំ តារ៉ារស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរអ្នកបើកបរដោយដឹកស៊ីម៉ង់ត៍ប្រភេទ២តោនកន្លះ កែច្នៃម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-5813 ឲ្យក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីក ចេញពីភូមិណារាយ ឃុំណារាយ ស្រុកឈូក ខេត្តកំពត រត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបង្កបានបើកស្របទិសគ្នាជាមួយម៉ូតូពីជើងទៅត្បូង ដោយរថយន្តនៅពីខាងក្រោយ ប្រហែលជាតៃកុង ងងុយដេក បានជាន់ហ្គែ ថែមទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីជាអ្នកបើកម៉ូតូខ្ទាតចេញពីម៉ូតូ ហើយរថយន្តនោះមិនទាន់អស់ល្បឿនបានកិនម៉ូតូហើយអូសទៅមុខទៀតបានប្រហែលជាង២០ម៉ែត្រ ទើបឈប់ ។ចំណែកស្ត្រីនោះបានបោកនឹងថ្នល់បែកក្បាលរងរបួសធ្ងន់ ហើយភ្លាមៗបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតរួច សមត្ថកិច្ច ចរាចរណ៍ខណ្ឌមានជ័យ បានទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនាំយករថយន្តបង្ក និងម៉ូតូប្រគល់ឲ្យទៅចរាចរណ៍ក្រុងភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

https://youtu.be/GMO4YrRsskk

មតិយោបល់