ភ្នំពេញៈ នយោបាយអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព បានឆ្លុះបញ្ចាំងឲ្យឃើញពី ការអភិវឌ្ឍ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលជាយន្តការមួយដ៏ សមស្របសម្រាប់ការអភិវឌ្ឍនិង អភិរក្ស ក្នុងតំបន់ការពារធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងភាពសក្តិសិទ្ធ ហើយផ្តល់ឱកាស ឲ្យប្រជាពល-រដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្ម ក្នុងការសម្រេចចិត្ត ឬការផ្តល់នូវសិទ្ធិអំណាច ដល់ប្រជាពលរដ្ឋមូលដ្ឋាន (Local Empowerment) ដោយប្រជាពលរដ្ឋ អាចទទួលផលប្រយោជន៍ ដោយផ្ទាល់ពីទេសចរណ៍ ប្រកបដោយសមធម៌ ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងសិក្ខាសាលាបូកសរុប ការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ឆមាសទី១ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០១៦-២០១៧ នៅសាលសន្និសីទចតុមុខ នៅថ្ងៃ ទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា “ការចូលរួមក្នុងការសម្រេចចិត្ត អភិវឌ្ឍមូលដ្ឋានខ្លួន បង្កើននូវកម្រិតជីវភាព និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់និងចំណាកស្រុក ប្រកបដោយប្រសិទ្ធភាព ផលប្រយោជន៍ ដែលបានមកពីធម្មជាតិ តាមរយៈវិស័យទេសចរណ៍ នឹងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋមូលដ្ឋាន ឲ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនិង បរិស្ថានជុំវិញខ្លួនថែមទៀត” ។
លោករដ្ឋមន្រ្តីបង្ហាញថា ប្រជាសហគមន៍ចាប់ផ្តើម ទទួលផលប្រយោជន៍ សេដ្ឋកិច្ច ហើយឈប់ប្រកបអាជីវកម្ម ដែលបំផ្លាញធនធានធម្មជាតិ ដោយឈប់បរបាញ់សត្វ កាប់បំផ្លាញព្រៃឈើ និងងាកមកធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវ លក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ រត់ម៉ូតូដឹកភ្ញៀវ បើកផ្ទះស្នាក់ និងចូលរួមសកម្មភាពផ្សេងៗទៀត ដែលបម្រើដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍/អេកូទេសចរណ៍ ព្រមទាំងចូលរួមធ្វើជា អ្នកល្បាតការពារ សម្បត្តិដ៏មានតម្លៃ ដើម្បីធានាឲ្យមានការអភិវឌ្ឍយូរអង្វែង។
លោករដ្ឋមន្រ្តីបន្តថា ជាលទ្ធផលចំណូល ដែលបានមកពីការផ្តល់សេវាផ្សេងៗ (ដូចជាផ្ទះស្នាក់ផ្ទះសំណាក់ សេវាម៉ូតូដឹកភ្ញៀវ ម្ហូបអាហារ សេវាទូក សេវារទេះគោ ក្របី និងការជួលសម្ភារៈផ្សេងៗ គឺត្រូវទទួលផលដោយផ្ទាល់ ដោយអ្នកផ្តល់សេវាដោយផ្ទាល់ ហើយបានជាងចំណូល ដែលបានមកពី របរបរបាញ់សត្វ ឬកាប់ឈើ ដល់ទៅ ២ដង)។
លោកបញ្ជាក់ថា ដោយយល់ពីសារៈសំខាន់ នៃធនធានធម្មជាតិ អ្នកប្រមាញ់ និងអ្នកកាប់ឈើប្រមាណច្រើន ជាង៨០% បានលះបង់សកម្មភាពបាញ់សត្វ កាប់ឈើរបស់ខ្លួន ហើយងាកមកចូលរួម ក្នុងសកម្មភាពអេកូទេសចរណ៍ សហគមន៍ និងចូលរួមដល់ការពារ សម្បត្តិធនធានដ៏មានតម្លៃ ដើម្បីទទួលផលបានយូរអង្វែង សម្រាប់បច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយ ។
លើសពីនេះក៏បានអភិវឌ្ឍ នូវធនធានមនុស្សនៅក្នុងសហគមន៍ និងបានចូលរួមចំណែកក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធតូចៗ ក្នុងសហគមន៍ជាបន្តបន្ទាប់ ។ លោកបញ្ជាក់ទៀតថា ដើម្បីទ្រទ្រង់ដល់ការ អភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឲ្យមាននិរន្តរភាព ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការ ជាមួយក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍ នឹងរៀបចំបង្កើត នូវសេវាកម្មទេសចរណ៍ថ្មីៗទៀត ដូចជាការបង្កើតមគ្គុទ្ទេសក៍សហគមន៍ ការបង្កើតផ្ទះស្នាក់នៅ ក្នុងសហគមន៍ និងកិច្ចសហការជាមួយវិស័យ ឯកជនក្នុងឧស្សាហកម្មទេសចរណ៍ គ្រោងរៀបចំឲ្យមាន កញ្ចប់ទស្សនកិច្ច (Eco-tours) ជាប្រចាំរបស់ភ្ញៀវទេសចរ ទៅកាន់តំបន់អេកូទេសចរណ៍ ឬសហគមន៍ទេសចរណ៍ នានាក្នុងតំបន់ការពារធម្មជាតិ និងរៀបចំនូវកម្មវិធីដាំដើមឈើ របស់ភ្ញៀវទេសចរ ក្រោមពាក្យស្លោក “ទេសចរម្នាក់ ដើមឈើមួយ” ៕
មតិយោបល់