ព័ត៌មានជាតិ

ទឹកប្រាក់ជាង១៣ម៉ឺនដុល្លារ ត្រូវបានផ្ដល់សម្រាប់គម្រោងថែទាំសុខភាពមាតា និងទារកកម្ពុជា

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយជាថវិកាជាង១៣ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក ដើម្បីពង្រឹងប្រព័ន្ធសុខភាពនៅស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម។ គម្រោងនេះ នឹងជួយដល់ការគ្រប់គ្រង និងផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនដល់ឆ្មបកម្រិតមធ្យម តាមមណ្ឌលសុខភាពគោលដៅ ព្រមទាំងអ្នកស្ម័គ្រចិត្តសុខាភិបាលតាមភូមិមួយចំនួនផងដែរ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយ នៅស្ថានទូតជប៉ុន នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា លោក គូម៉ាម៉ារ៉ូ យូជិ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកែលម្អស្ថានភាពសុខភាពមាតា និងទារកឲ្យកាន់តែប្រសើរឡើង ដោយបានដាក់វិស័យសុខភាពមាតា និងទារកនេះ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រនៃវិស័យសុខាភិបាលដំណាក់កាលទី៣។ ប៉ុន្តែលោកថា ដោយសារឥទ្ធិពលសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ កម្ពុជា នៅមានបញ្ហាជាច្រើនដូចជា កង្វះខាតនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសុខាភិបាល ជាពិសេសនៅតាមតំបន់ជនបទ និងកង្វះខាតនូវធនធានមនុស្សក្នុងវិស័យសុខាភិបាលជាដើម។

លោកឯកអគ្គរាជទូត បន្តទៀតថា គម្រោងដែលទើបតែបានចុះហត្ថលេខានៅថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រមាណ១៣៤,៥២៦ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ ដោយសង្ឃឹមថា អង្គការមួយនេះ នឹងជួយពង្រឹងប្រព័ន្ធថែទាំសុខភាពនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រង់ មិនត្រឹមតែគាំទ្រការកែលម្អមណ្ឌលសុខភាព និងការបំពាក់បរិក្ខាពេទ្យផ្សេងៗប៉ុណ្ណោះទេ ថែមទាំងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ឆ្មបកម្រិតមធ្យម តាមមណ្ឌលសុខភាពនិមួយៗ និងអ្នកស្ម័គ្រចិត្តសុខាភិបាលតាមភូមិមួយចំនួន និងការពង្រឹងផ្នែកគ្រប់គ្រងនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រង់ផងដែរ។

នាយិកាប្រចាំប្រទេស អង្គការមូលនិធិជប៉ុន PHJ បានឲ្យដឹងដែរថា នៅក្នុងគម្រោងនេះ PHJ ធ្វើការយ៉ាងជិតស្និតជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីលើកកម្ពស់សេវាសុខភាពមាតា និងទារក ដែលផ្ដល់ដោយមណ្ឌលសុខភាព និងលើកកម្ពស់ឲ្យមានភាពងាយស្រួលដល់ការផ្ដល់នៃការថែទាំសុខភាពម្ដាយ និងទារកក្នុងសហគមន៍។ លោកស្រីបញ្ជាក់ថា «ក្នុងតំបន់ជនបទ ឆ្មបមណ្ឌលសុខភាពមានតួនាទីសំខាន់ក្នុងការផ្ដល់សេវានៅមណ្ឌលសុខភាព ដូច្នេះអង្គការនាងខ្ញុំបានផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ពួកគេ ហើយធ្វើការតាមដាននូវការអនុវត្តន៍របស់ពួកគេតាមមណ្ឌលសុខភាពនីមួយៗ និងផ្ដល់ជាដំបូន្មានទាក់ទងនឹងជំនាញ ការអនុវត្តន៍ការងារ និងបរិយាកាសការងារឲ្យកាន់តែប្រសើរឡើង»

គួរជម្រាបថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសកម្ពុជា ឡើងវិញនៅតាមមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ រដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រមាណជា២៦,១លានដុល្លារអាមេរិក ដល់គម្រោងចំនួន៩ ដែលផ្ដោតសំខាន់លើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន។ គម្រោងដែលចុះហត្ថលេខានៅថ្ងៃនេះ គឺជាគម្រោងទី២ សម្រាប់ឆ្នាំ២០១៦ (មេសា ២០១៦ – មីនា ២០១៧)៕

Japan_funds_health_kgcham_05-09-16_01Japan_funds_health_kgcham_05-09-16_02Japan_funds_health_kgcham_05-09-16_03Japan_funds_health_kgcham_05-09-16_04Japan_funds_health_kgcham_05-09-16_05Japan_funds_health_kgcham_05-09-16_06Japan_funds_health_kgcham_05-09-16_07Japan_funds_health_kgcham_05-09-16_08Japan_funds_health_kgcham_05-09-16_09Japan_funds_health_kgcham_05-09-16_10Japan_funds_health_kgcham_05-09-16_11Japan_funds_health_kgcham_05-09-16_12Japan_funds_health_kgcham_05-09-16_13Japan_funds_health_kgcham_05-09-16_14Japan_funds_health_kgcham_05-09-16_15Japan_funds_health_kgcham_05-09-16_16Japan_funds_health_kgcham_05-09-16_17Japan_funds_health_kgcham_05-09-16_18

មតិយោបល់