ភ្នំពេញៈ មិនសប្បាយចិត្តរឿងអី មិនដឹងមូលហេតុ បុរសម្នាក់បានដេញម្តាយឪពុកចេញពីផ្ទះ ហើយដុតសម្ភារៈក្នុងផ្ទះ រួចចាក់សោចេញទៅបាត់ ដោយគ្រាន់តែស្រែកប្រាប់អ្នកជិតខាងថា ខ្លួនដុតផ្ទះ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចព្រមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង នៅផ្ទះលេខ៤ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៣និង១៥នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនៃអធិការដ្ឋានខណ្ឌទួលគោកនិងស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញបានមកដល់កន្លែងកើតភ្លាមៗផងដែរ ក្រោយប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យ និងតទុយោបាញ់ទឹក បន្ទាប់ពីកាត់សោផ្ទះចូលបាញ់ពន្លត់សម្ភារៈដែលឆាបឆេះនៅខាងក្នុង។
យោងតាមប្រជាពលរដ្ឋបានប្រាប់ថា កូនម្ចាស់ផ្ទះឈ្មោះ សូ សំណាង ហៅ អាខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤ ផ្លូវ៦០៨ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរករឿងដេញម្តាយឪពុកចេញពីផ្ទះបាត់ហើយ និងធ្លាប់ហៅពួកម៉ាកមកប្រើប្រាស់គ្រឿងញៀនបង្កការរំខានអ្នកជិតខាងព្រមទាំងធ្លាប់ដុតផ្ទះពីរទៅបីដងហើយ តែត្រូវគេឃើញទាន់ពេលវេលា។ តែម្តងនេះជនបង្កនៅតែម្នាក់ឯងស្រាប់តែប្រមូលពូកខ្នើយសម្ភារៈមកគរដុតក្នុងផ្ទះ ហើយចាកចេញទៅដោយស្រែកប្រាប់អ្នកជិតខាងថា ខ្លួនបានដុតផ្ទះលេង រួចចាក់សោផ្ទះក៏ទៅបាត់។ មួយសន្ទុះក៏មានផ្សែងហ៊ុយចេញមកខាងក្រៅបង្កការភ្ញាក់ផ្អើលក៏បាននាំគ្នាកាត់សោយកបំពង់ពន្លត់អគ្គិភ័យចូលបាញ់ថែមទាំងតទុយោបាញ់ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ចុះដល់កន្លែងភ្លាមៗផងដែរ។
ក្រោយពីការបាញ់ពន្លត់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកបន្តបន្ទាប់ ដើម្បីរួមសហការជួយពន្លត់ឲ្យទាន់ពេលវេលា និងពិនិត្យភាពជាក់ស្តែងដើម្បីគ្រប់គ្រងស្ថានការណ៍ឲ្យបានមួយរយភាគ គឺបញ្ជាក់ច្បាស់ពិតជារលត់មែន។
គួររំឭកផងថា ក្នុងថ្ងៃនេះ មានករណីអគ្គិភ័យឆេះអគារក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងសាងសង់ ដើម្បីធ្វើជារោងចក្រទឹកផ្លែឈើម៉ាក យ៉ូស ផងដែរ៕
https://youtu.be/k-bJ44qtbEM
មតិយោបល់