បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹង បានប្រើហិង្សាយកខ្សែក្រវ៉ាត់វាយកូនអាយុ០៥ឆ្នាំ មានស្លាកស្នាមរបួសពេញខ្លួន ត្រូវបានកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨០៧ ចាប់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ ហេតុការណ៍នៃអំពើហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង០៩យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនបង្កឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ និងកូនជាជនរងគ្រោះឈ្មោះសុខ ភក្តី ភេទប្រុសអាយុ០៥ឆ្នាំ ទាំង០២នាក់ឲ្យកូនរស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា ជនបង្កជាមនុស្សញៀនស្រា និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានប្រពន្ធលែងលះរយៈពេល០៥ឆ្នាំមកហើយ ដោយទុកកូនខាងប្តីជាអ្នកមើលថែ ។ នៅមុនពេលកើតហេតុ ជនបង្កជាឪពុកបានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវ៉ាត់ វាយទៅលើកូនរបស់ខ្លួនមានអាយុ០៥ឆ្នាំ បណ្តាលឲ្យមានស្លាកស្នាមជាំពេញខ្លួនឃើញពីទង្វើដ៏អាក្រក់នេះ ក៏ត្រូវបានអ្នកជិតខាងជួយឃាត់ និងមានការជួយអន្តរាគមន៍ ពីកម្លាំងនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្កយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីហើយដែរ ៕
មតិយោបល់