កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាលរដ្ឋរងគ្រោះជាច្រើននាក់នៅក្នុងក្រុងកំពង់ឆ្នាំង បានលើកគ្នាមកមុខសាលាខេត្តកំពង់ឆ្នាំង ដើម្បីដាក់លិខិតសុំឲ្យប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ជួយអន្តរាគមន៍ដោះស្រាយករណីគេដកបង្គោលព្រំដី រុះរោងរំលោភយកដីពួកគាត់ នៅចុងកោះក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលជាដីតំបន់២ កំពុងអភិវឌ្ឍន៍ធ្វើផ្សារកំពង់ឆ្នាំងថ្មី។
តំណាងប្រជាពលរដ្ឋនៅមុខសាលាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ពួកគាត់លើគ្នាមកពេលនេះគឺចង់សុំជួបលោកអភិបាលខេត្តឲ្យជួយដោះស្រាយរឿងភាគីលោក លី ផេង បានប្រើអំណាចយកកម្លាំងប៉េអឹមខេត្តការពារ រុះរើបង្គោលព្រំដី រុះរើរោងពួកគាត់ បោះរបងហ៊ុំព័ទ្ធបន្លាលួស រំលោភយកដីពួកគាត់ជាង៤០ឡូត៍ ដែលបានទិញពីលោក អៀ គុយម៉ុង ហៅក្តាន់ ដោយមានអាជ្ញាធរភូមិសង្កាត់ទទួលស្គាល់ត្រឹមត្រូវ ដោយឡែកកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ពួកគាត់បានដាក់លិខិតសំអន្តរាគមន៍នេះជូនប្រធានក្រុមប្រឹក្សាខេត្ត តាមរយះលោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តរួចហើយ។
យ៉ាងណាក៏ដោយការសុំជួបលោកអភិបាលខេត្តនៅព្រឹកនេះ ពុំបានសម្រេចឡើយដោយសមត្ថកិច្ចបានប្រាប់ថាលោកអភិបាលខេត្តមិននៅ និងសុំឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅមន្ទីរសុរិយោដីខេត្ត នៅព្រឹកស្អែកថ្ងៃទី០៦ ខែកញ្ញា ដោយនៅព្រឹកនោះ ខាងក្រសួងដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី និងចុះមកដោះស្រាយរឿងខាងលើនេះ។
គួររំលឹកថាភាគី លី ផេង ជាអ្នកទិញដី និង ជាម ហៃ ជាអ្នកលក់ដីតំណាងឲ្យប្រជាពលរដ្ឋេជាម្ចាស់ដីទាំង១០គ្រួសារ បានផ្តល់កិច្ចសម្ភាសជាមួយអ្នកកាសែតក្នុងខេត្តជាច្រើននាក់ ឲ្យដឹងថា លោក លី ផេង ថាលោកបានទិញដីពីឈ្មោះ ជាម ហៃ ទំហំជិត៦ហិកតា ក្នុងតម្លៃជាង១៤ម៉ឺនដុល្លានៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបានកក់ប្រាក់ជាបន្តបន្ទាប់ចំនួន៤លើក ដោយលើកទី៣បានឲ្យប្រាក់ទៅលោក អៀ គុយម៉ុង ជាតំណាងលោក លី ផេង មកឲ្យឈ្មោះ ជាម ហៃ និងបានប្រគល់ប្រាក់ថ្លៃដីឲ្យគ្រប់ចំនួនអស់ហើយនៅក្នុងខែ០៨ ឆ្នាំ២០១៦។
ដោយឡែកលោក អៀ គុយម៉ុង ហៅក្តាន់វិញ បាននិយាយឲ្យដឹងថា លិខិតកក់ប្រាក់ចំនួន៥០.០០០ដុល្លា ឲ្យលោក ជាម ហៃ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កាពិតគឺលោក សាយ សូ បានខ្ចីលុយលោកចំនួន៣ម៉ឺនដុល្លា និងពឹងឲ្យយកទៅកក់ឲ្យលោក ជាម ហៃ ដោយលោក លី ផេង ហើយលោកលី ផេង គឺគ្រាន់តែជាតំណាងឲ្យលោក សាយ សូ តែប៉ុណ្ណោះ គឺលោកមានឯកសារ លោកសាយ សូ ខ្ចីលុយលោក៣ម៉ឺនដុល្លា។ ដូច្នេះរឿងខាងលើនេះ លោកបានប្តឹងលោក លី ផេង និងលោកជាម ហៃ ទៅតុលាការខេត្តរួចហើយ រង់ចាំតក្តីគ្នាតាមផ្លូវច្បាប់នៅតុលាការខេត្តចុះ បើលោករំលោភដីគេ លោកមិនខ្លាចនិងទទួលទោសនោះឡើយ។
ទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានសំណូមពរដល់អភិបាលខេត្ត តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអ្នកពាក់ព័ន្ធ សូមជួយរកយុត្តិធម៌ និងជួយយកដីដែលគេបានរំលោភយកហើយនោះ ឲ្យពួកគាត់វិញផង ព្រោះពួកគាត់កំពុងវ័នកជំពាក់លុយធនាគារ និងបានកំពុងបង់លុយសងទៅធនាគារជារៀងរាល់ខែ ជាពិសេសចៅសង្កាត់ខ្សាមឈ្មោះ ឈួរ ថន ដែលតែងតែឆ្លើយថាមិនអីទេៗនោះ ត្រូវចេញមុខមកស្រាយជូនពួកគាត់វិញ បើមិនបានដី ក៏បានប្រាក់ត្រឡប់មកវិញដែរ៕
មតិយោបល់