ព័ត៌មានជាតិ

ប្រជាជន២សហគមន៍ បានធ្វើការតវ៉ានៅខាងមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់

ភ្នំពេញៈ ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន២រួមមាន សហគមន៍ព្រែកតាគង់១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ និងសហគមន៍ខ្វា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានជួបនាំគ្នានៅខាងមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដោយមានកាន់នូវស្លាកបដា នៅក្នុងដៃ ដើម្បីធ្វើការតវ៉ា សុំឲ្យថ្នាក់លើជួយ​រកដំណោះស្រាយជូន ។ ការតវ៉ានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ប្រជាពលរដ្ឋដែលចូលរួមក្នុងការតវ៉ាខាងលើនេះ មកពីសហគមន៍ចំនួន២គឺ សហគមន៍ខ្វា និងសហគមន៍ព្រែកតាគង់១ ដែលមានប្រមាណជា ៥០០គ្រួសារ ។ ហើយសព្វថ្ងៃពួកគាត់ កំពុងជួបបញ្ហានូវការអភិវឌ្ឍន៍របស់ក្រុមហ៊ុន អាយ អិន ជី អភិវឌ្ឍន៍ធ្វើជាទីក្រុងរណបថ្មី ដែលផ្ទែដី​ប្រមាណជា ២៥៧២ហិចតា។

ពួកគាត់បានបន្តថា កន្លងមកពួកគាត់បានធ្វើការស្នើសុំទៅក្រុមហ៊ុន អាយ អិន ជី សាលាក្រុង ក្រសួងនិងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនមាន​ដំណោះស្រាយអ្វីនោះទេ។ ទើបនៅថ្ងៃនេះ ពួកគាត់ប្រមាណជា២០០ នាក់តំណាងឲ្យសហគមន៍ទាំង២ខាងលើ បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងរៀបចំដែន​ដីនគរូប​នីយកម្ម និងសំណង់ ក្នុងគោលបំណងតាមដានលិខិតទាក់ទងនឹងការស្នើសុំ កាត់ដីរបស់អ្នកសហគមន៍ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អាយ អិន ជី ហូលឌី និងសុំប័ណ្ណកម្មសិទ្ធិដីធ្លី ជាពិសេសនោះគឺនិងចង់ជួបនឹងលោក ជា សុផារ៉ា ផ្ទាល់តែម្តង។

ជាលទ្ធផលនៃការស្នើសុំជាលើកទី៤នៅព្រឹកមិញនេះ ខាងតំណាងក្រសួងបានចេញមកធ្វើការសន្យាជាមួយប្រជាពលរដ្ឋ ថាក្រសួងនឹងបញ្ជូនក្រុមការងារបច្ចេកទេស​ទៅសិក្សា​ពីបញ្ហារបស់សហគមន៍ និងវាយតម្លៃឯកសារពាក់ព័ន្ធ នៅពីរសប្តាហ៍ក្រោយ។

ក្នុងនោះតំណាងប្រជាពលរដ្ឋប្រមាណជាង២០០ នាក់ យល់ព្រមតាមសំណើរបស់ក្រសួង ប៉ុន្តែបើសិនជាមិនការបញ្ជូនក្រុមការងាររបស់ក្រសួងរយៈពេលពីរសប្តាហ៍នោះទេ ប្រជាជនទាំងពីរសហគមន៍នឹងមកតវ៉ានៅក្រសួងសារជាថ្មីម្តងទៀត ៕

តវ៉ាដីធ្លី តវ៉ាដីធ្លី តវ៉ាដីធ្លី តវ៉ាដីធ្លី តវ៉ាដីធ្លី

មតិយោបល់