ភ្នំពេញៈ ដើម្បីរក្សាឲ្យបាននូវសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយបានល្អប្រសើរនៅបរិវេណក្បែរវិមានឯករាជ្យនោះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបាន បញ្ជាឲ្យកម្លាំងចុះទៅឃាត់អ្នកលក់ប៉េងប៉ោងទាំងនោះ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់លែងឲ្យមានការលក់សប់ខ្យល់ប៉េងប៉ោង ស្ថិតនៅតាមផ្លូវសុរាម្រិត កែងវិមានឯករាជ្យ ព្រមទាំងធ្វើការរៀបចំសណ្តាប់ធ្នាប់ ឲ្យកាន់តែល្អប្រសើរតាមផ្លូវទាំងនេះ សម្រាប់ការទាក់ទាញពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ។
អជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថាការលក់ប៉េងប៉ោងនៅតាមផ្លូវនេះ ជារឿយៗ បានរំខានដល់ក្រុមភ្ញៀវទេសយ៉ាងខ្លាំង ដោយសារតែសំឡេងផ្ទុះឡើង ប៉ុន្តែអ្នកលក់ដូរមួយនេះ មិនបានស្តាប់ការណែនាំរបស់អាជ្ញាធរនោះទេ បើទោះបីមានការឃាត់យកមកអប់រំ និងធ្វើកិច្ចសន្យាជាច្រើនលើកក៏ដោយនោះ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះទៅចាប់ម៉ូតូសប់ប៉េងប៉ោង ចំនួន១គ្រឿង ដែលមានម្ចាស់ឈ្មោះ កែវ ស៊ីនវី អាយុ៥២ ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មកអប់រំដើម្បីបញ្ឈប់ការលក់បែបនេះនៅទីនោះទៀតឡើយ។
មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា កន្លងមកម៉ូតូសប់ខ្យល់លក់ប៉េងប៉ោងនេះ ត្រូវបានអាជ្ញាធរចាប់យកមកអប់រំណែនាំ ចំនួន៣លើកមកហើយ នៅតែមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរដដែល ហើយការចាប់លើកនេះជាលើកទី៤មកហើយ។
ជាមួយគ្នានោះដែរលោក គួច ចំរើន អភិបាលខណ្ឌ ដូនពេញ បានសំណូមពរ ទៅពួកគាត់ទាំងអស់គ្នា ត្រូវប្ដូរទីកន្លែងថ្មីកុំនៅជិតទីនោះទៀត ប៉ុន្តែ ពួកគាត់ប៉ុន្មាននាក់នេះមិនព្រមចេញពីកន្លែងនេះ ទើបកម្លាំងសណ្ដាប់ធ្នាប់ចាប់គាត់ហៅពួកគាត់ទាំងនោះយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាឲ្យគាត់ហើយក៏បានប្រគល់សម្ភារៈ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះនាពេលបន្ទាប់នោះផងដែរ៕







មតិយោបល់