ភ្នំពេញៈ ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះស្លាប់ ខណៈដែលចុះងូតទឹកលេងជាមួយក្មេង២នាក់ទៀត បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថៃ្ងទី៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខវត្តគោកខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ខាងលើនេះ មានឈ្មោះ ធន សំណាង ភេទប្រុស អាយុ ១២ឆ្នាំ ដោយមានឪពុកឈ្មោះ ឈន ទូច អាយុ៤២ឆ្នាំ មុខរបរបើកឡាន និងម្តាយឈ្មោះ ណុប ស្រីនាង អាយុ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុជាមួយគ្នា។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុសរងគ្រោះ រួមនិង ក្មេង២នាក់ទៀតដែលត្រូវជាបងប្អូនជីដូន បាននាំគ្នាចុះទៅងូតទឹកស្រះ ខណៈកំពុងងូត ស្រាប់តែក្មេប្រុសរងគ្រោះបានលង់ទឹក ត្រូវបានក្មេង២នាក់ទៀតដែលងូតជាមួយគ្នាព្យាយាមជួយ ប៉ុន្តែជួយមិនបាន ទើបបណ្តាលឲ្យក្មេងប្រុសរងគ្រោះលង់រហូតដល់ស្លាប់ភ្លាមៗតែម្តង ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចុះរាវរក ស្រង់ក្មេងប្រុសរងគ្រោះខាងលើ ឡើងមកលើគោក ដើម្បីជួយសង្គ្រោះប៉ុន្តែជាអកុសលក្មេងប្រុសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យខណ្ឌ ចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពក្មេងរងគ្រោះពិតជាស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/iyOF4twVUeI
មតិយោបល់