កំពង់ឆ្នាំងៈ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលម្នាក់ កំពុងជិះម៉ូតូត្រូវរថយន្តបុករងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ នៅពេលដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
មន្ត្រីនគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ជនរងគ្រោះស្លាប់ គឺលោកនាយប៉ុស្តិ៍នគរបាល ឃុំថ្មឥដ្ឋ មានឈ្មោះ វឿន វ៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ ឃុំវិហារហ្លួង ខេត្តកណ្តាល ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ស៊ុយហ្សុយគី ស្មាស់រីវ៉ូ បើកបរ តាមផ្លូវជាតិលេខ៥ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបុកបណ្តាលឲ្យរងរបួស និងបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នៅជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានអ្នកណាបានដឹងពីស្ថានភាព គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង យ៉ាងណានោះទេ ។ ចំណែកជនរងគ្រោះក៏មិនដឹងថា មកពីណា ទៅណាដែរនៅពេល យប់រំលងអធ្រាត្រ បែបនេះ តែមន្ត្រីនគរបាលប៉ុស្តិ៍នៅជាមួយគ្នា ពិតជាដឹងគ្រាន់តែគេលាក់ មិនព្រមប្រាប់ឲ្យដឹង ។
ចំពោះសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្ត។ ចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាល ស្រុកកំពង់ ត្រឡាច ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់