ព័ត៌មានជាតិ

មន្រ្តីបរិស្ថានស្នើឲ្យ​មានការគ្រប់គ្រងសំណល់រាវ ដោយទប់ស្តាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញៈ ដើម្បីធានាបានបរិស្ថាននៅជុំវិញ តំបន់សេដ្ឋកិច្ចពិសេសមានភាពល្អប្រសើរនោះ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាករណីការគ្រប់គ្រងសំណល់រាវ ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង និងទប់ស្តាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់ដែលបានលើកឡើងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។

លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៨ខែកញ្ញានេះបានលើកឡើងថា “ការគ្រប់គ្រងសំណល់ជារឿងសំខាន់ ដែលទាមទាឱ្យគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ រៀនចំទុកដាក់ឱ្យបានល្អនិងហ្មត់ចត់ ការលើកកម្ពស់បរិស្ថានមិនមែនជារឿងរបស់បុគ្គលណាមួយ ក្រុមណាមួយនោះទេ វាជាការទទួលខុសត្រូវទាំងអស់គ្នា ជាពិសេសម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងអាជីវកម្មឧស្សាហកម្មគ្រប់ប្រភេទ គឺត្រូវតែគ្រប់គ្រងកាកសំណល់ ពិសេសសំណល់រាវ ដែលបង្ហូរចេញពីរោងចក្រ សហគ្រាសរបស់ខ្លួនឱ្យបានល្អ ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅរស់នៅជុំវិញនោះ” ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងម្ចាស់ រោងចក្រ សហគ្រាសទាំងអស់ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្នុងក្រុងបាវិត យកចិត្តទុកដាក់លើកកម្ពស់បរិស្ថានក្នុងតំបន់នេះឱ្យបានល្អ ។ លើសពិនេះ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមសហការជាមួយ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ដើម្បីតាមដានពីការគ្រប់គ្រងសំណល់រាវនៅក្នុងតំបន់នេះ បញ្ចៀសឱ្យបាននូវផលប៉ះពាល់ ដល់សុខភាពរបស់ប្រជាជន ក៏ដូចជាបរិស្ថាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកនេះដែរក៏មានសមាសភាពចូលរួមដែលមានតំណាងមកពីនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន មន្ទីរបរិស្ថានខេត្តស្វាយរៀង ក្រសួងឧស្សាហកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងមន្រ្តីសាលាខេត្តស្វាយរៀងផងដែរ៕

93-193-293-3

មតិយោបល់