ភ្នំពេញៈ ជុំវិញមតិរិះគន់ចំណតរោងផ្ញើរកង់ម៉ូតូលើចិញ្ចើមផ្លូវ របស់មន្ទីរពេទ្យព្រះកុសុមៈ ហៅថាមន្ទីរពេទ្យលោកសង្ឃ ដែលមានព្រះវិហារ មួយផងដែរ សម្រាប់ពុទ្ធិបរិស័ទ លោកតាលោកយាយ ព្រះសង្ឃ ជួបជុំស្តាប់ធម៌ទេសនា រៀងរាល់ថ្ងៃសីល ត្រូវបានលោក តាន់ សាគន្ធ នាយកមន្ទីរពេទ្យឆ្លើយតប ជូនមហាជន និងការអភិវឌ្ឍន៍របស់មន្ទីរពេទ្យ បន្ទាប់ពីលោកបានមកទទួលបន្ទុកដោះស្រាយ កែទម្រង់រចនាសម្ព័ន្ធថ្មី រឹតបណ្តឹងច្បាប់គ្រប់គ្រង ជាប្រយោជន៍សាធារណៈ ដូចពាក្យថា មិនបង់ប្រាក់ មានបាយទឹក បំរើសេវាថែទាំ ។
លោក តាន់ សុគុន បានប្រាប់ឲ្យ ដឹងថា មន្ទីរពេទ្យព្រះកុសុមៈ បានយកចិញ្ចើមផ្លូវសង់ជារោងសម្រាប់ចតម៉ូតូកង់ និងចតរថយន្ត របស់បុគ្គលិកមន្ទីរពេទ្យ ដែលមានប្រមាណ៦០០នាក់ជាង និង ចំនួនប្រជាជនមកសម្រាកព្យាបាលមាន៣៥០គ្រែ ហើយកំណើនអ្នកជំងឺគឺកើនឡើង១២០ភាគរយក្នុង១ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៥មកដល់ឆ្នាំ២០១៦នេះ ។
លោកបន្តទៀតថា ដោយខាងមន្ទីរពេទ្យព្រះកុសុមះ មានការអភិវឌ្ឍន៍គម្រោង២០១៨ ដែលខាងប្រទេសចិនបានចុះ MOU ជួយសាងសង់ អាគារកម្ពស់៩ជាន់កន្លះ ដែលមានទំហំ២៨,៩០០ការ៉េ មានទទឹង៣០ម៉ែត្រគុណ១០០ម៉ែត្រ ហើយខាងមន្ទីរពេទ្យប្រគល់ផ្ទៃដីទំហំទទឹង៥៥ម៉ែត្រគុណ១២០ម៉ែត្រ ស្មើពាក់កណ្តាលនៃផ្ទៃដីមន្ទីរពេទ្យទាំងមូល ។
ដោយឡែកមន្ទីរពេទ្យមានផែនការក្នុងការរៀបចំទទួលភាគីអភិវឌ្ឍន៍សាង់សងអាគារពេទ្យថ្មី ដោយរៀបផ្លាស់ប្តូរការស្នាក់នៅរបស់អ្នកជំងឺកំពុងសម្រាកព្យាបាលនិងទទួលបន្តដោយគ្មានការផ្អាកឬឈប់ឡើយ និងបន្ទប់ពិសោធន៍នានា ជាពិសេស បន្ទប់វះកាត់ ។ លោកក៏បញ្ជាក់ផងដែរថា មន្ទីរព្រះកុសុមៈចាប់តាំងពីឆ្នាំ២០១៥មកគឺ៧០ភាគរយជាប្រភេទជំងឺវះកាត់ ហើយខាងមន្ទីរពេទ្យក៏មានម៉ាស៊ីនឧបករណ៍បរិក្ខារទំនើបៗ សម្រាប់តាមដាន វិភាគ ពិសោធន៍ សង្គ្រោះបន្ទាន់នានា ជាពិសេសអានាម័យល្អស្អាត ច្បាប់វិន័យត្រឹមត្រូវ មានតម្លាភាព តាំងពីលោកនាយកចូលមកគ្រប់គ្រងដែលមានថវិកា៧៣លានរៀល មកទល់នាពេលនេះប្រាក់ចំណូលដែលឈានដល់ជិត២លានដុល្លារសហរដ្ឋអាមេរិក ។
ប្រភពពីបុគ្គលិកមន្ទីរពេទ្យបានប្រាប់ឲ្យដឹងថា មានការផ្លាស់ប្តូរបុគ្គលិកដែលមិនអាចបំពេញភារៈកិច្ចក្នុងមន្ទីរពេទ្យទាំងច្បាប់វិន័យទំនៀមទម្លាប់មួយចំនួនហើយចាប់ពីលោកនាយកមន្ទីរពេទ្យព្រះកុសុមៈថ្មីមក កំណើនប្រាក់ខែនិងរចនាបទមានការកើនឡើងព្រមទាំងផ្លាស់ប្តូរទាំងស្រុង គឺមានភាពប្រសើរឡើងដូចជា មានការបង់ប្រាក់សម្រាប់សម្រាកព្យាបាលជំងឺ ពីមុនមិនបានបង់ប្រាក់៦០ភាគរយ តែឥឡូវបានបង់ប្រាក់កើនដល់៦០ភាគរយវិញ ។
លោក សេង សារ៉ាន់ ចៅសង្កាត់ទឹកល្អក់២បានប្រាប់ថា ចំពោះបញ្ហាខាងមន្ទីរពេទ្យសាងសងយកចិញ្ចើមផ្លូវមិនជូនដំណឹងទេ ហើយលោកថា បើចំណតផ្ញើរកង់ម៉ូតូសម្រាប់បុគ្គលិកមន្ទីរពេទ្យមិនជាបញ្ហាទេ ដោយខាងមន្ទីរពេទ្យត្រូវមានការសាងសង់អាគារបន្ថែម ។
លោកនាយកមន្ទីរពេទ្យព្រះកុសុមៈ បន្តទៀតថា មន្ទីរពេទ្យមិនចង់យកចិញ្ចើមផ្លូវធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនទេ ដោយខ្វះចំណតសម្រាប់បុគ្គលិកដែលពីមុនមានចំនួន៤០០ជាងនាក់ទេ ឥឡូវកើនឡើង១គុណនិង២ ហើយអ្នកជំងឺក៏ដូចគ្នាដែរ ។ លោកប្រាប់ថា ក្រោយបញ្ចប់ការសាងសងអាគារ៩ជាន់កន្លះរួចហើយ រាល់សំណង់បណ្តោះអាសន្នត្រូវរុះរើទុកតែសំណង់៤កន្លែងគឺ អាគារកម្ពស់៩ជាន់កន្លះថ្មីដែលមានចំណតក្រោមដី ព្រះវិហារ អាគារជំងឺទឹកនោមផ្អែម អាគារធំកម្ពស់៣ជាន់ជួសជុលថ្មីទុកសម្រាប់ព្រះសង្ឃ ជាសាលាបង្រៀន …។ល។
ជាចុងក្រោយលោកនាយកបានប្រាប់ថា លោកទទួលការរិះគន់ពីមហាជនក្នុងន័យស្ថាបនាដោយក្តីរីករាយ ហើយលោកបញ្ជាក់ថាមន្ទីរពេទ្យព្រះកុសុមៈ នាពេលខាងមុខមានកន្លែងព្យាបាលរោគថ្លើមប្រភេទសេ មិនបង់ប្រាក់ផងដែរ ហើយសូមការអាធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដល់ការប៉ះពាល់មួយចំនួននាពេលកំពុងសាងសង់រហូតដល់រួចរាល់ ៕
មតិយោបល់