ភ្នំពេញៈ បុរសម្នាក់បានពីចេញពីផ្ទះ ទៅដកក្រអៅឈូក លក់ជាមួយប្រពន្ធ ហើយពេលទៅដល់ពួកគាត់បាន ដើរដកបែកគ្នា លុះក្រោយមកបន្ទាប់ពីបាត់បុរសជាប្ដីយូរពេក ប្រពន្ធបានស្រែកហៅ ប៉ុន្តែមិនបានឮឆ្លើយសោះ ទើបគាត់ឈប់ដកនិងបានឡើងគោក តាមទៅរកនៅកន្លែងដែលប្ដីគាត់ ដកក្រអៅឈូកនោះ តែនៅតែមិនឃើញទៀត គាត់បានតាមរករយៈពេលប្រមាណជាង១ម៉ោងក្រោយមក ទើបបានប្រទះឃើញប្ដី ស្លាប់នៅក្នុងទឹកប្រឡាយបាត់ទៅហើយ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងប្រឡាយទឹក ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសដែលស្លាប់នោះមានឈ្មោះ អ៊ុ ផល្លា អាយុ៤៧ឆ្នាំ មុខរបរដើរដកក្រអៅឈូកលក់ ស្នាក់នៅផ្ទះជួលម្ដុំផ្សារទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះរួមជាមួយប្រពន្ធ បាននាំគ្នាចេញពីផ្ទះ ទៅកន្លែងកើតហេតុខាងលើ ដើម្បីដកក្រអៅឈូកលក់ ព្រោះគឺជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។ លុះពេលទៅដល់ពួកគាត់បានដើរដកបែកគ្នា ដោយប្រពន្ធដកកន្លែងផ្សេង ចំណែកប្ដីដកនៅកន្លែងផ្សេង។ រហូតដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃដដែលនោះ បន្ទាប់ពីបាត់មាត់ប្ដី គាត់បានស្រែកហៅប៉ុន្តែ មិនបានឮឆ្លើយ នោះឡើយ ទើបប្រពន្ធឈប់ដក និងបានឡើងគោកតាមទៅរកប្ដី នៅកន្លែងដែលគាត់ដកក្រអៅឈូកនោះ តែពេលទៅដល់រកមិនឃើញទៀត។ ខណៈនោះស្រ្តីជាប្រពន្ធបានតាមរក អស់រយៈពេលជាង១ម៉ោង រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបប្រទះឃើញប្ដីស្លាប់នៅក្នុងទឹកប្រឡាយបាត់ទៅហើយ និងប្ដឹងឲ្យនគរបាលទៅពិនិត្យមើល ។
ក្រោយពីនគរបាលជំនាញបានពិនិត្យរួចហើយនោះ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ទើបបណ្តាលឲ្យធ្លាក់ទឹកស្លាប់បែបនេះ ទើបប្រពន្ធជនរងគ្រោះបាននាំយកសពប្តី ទៅធ្វើបុណ្យតាមប្រពៃណីតែម្តង៕
https://youtu.be/Xtbqp3flkrE
មតិយោបល់