ភ្នំពេញៈ ជនសង្ស័យជាចោរឆក់ចំនួនពីរនាក់ ត្រូវបានកម្លាំងល្បាត របស់នគរបាលខណ្ឌចំការមន ធ្វើការរឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាធ្វើសកម្មភាពឆក់យកការបូបដៃមួយពីស្ត្រីម្នាក់ បានហើយនាំគ្នា ព្យាយាមជិះម៉ូតូរត់គេចខ្លួន រួចក៏ទៅបុកនឹងម៉ូតូរ៉ឺម៉កដួលនោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទី ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៦ នៅខាងមុខផ្ទះលេខ ៧ ផ្លូវលេខ ១០៥ ភូមិ៨ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ តាមប្រភព ព័ត៌មានពីមន្ត្រីនគរបាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ សុខ ប៊ុនថេត អាយុ ៣៤ឆ្នាំ និងទី២-ឈ្មោះ វ៉េង ប៊ុនគិត អាយុ ៣២ឆ្នាំ ស្នាក់នៅ ពួកគេទាំងពីរនាក់សុទ្ធតែគ្មានមុខរបរ និងទីលំនៅពិតប្រាកដដូចគ្នា ត្រូវបានឃាត់ខ្លួនក្រោយពេលដែលពួកគេទាំងងពីរនាក់ជិះម៉ូតូម៉ាកវ៉េវ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FH-៨៤៩៨ មួយគ្រឿងធ្វើសកម្មភាពឆក់ការបូនដៃពីស្រ្តីម្នាក់នោះ។
មុនពេលកើតហេតុ ខណៈពេលដែលស្ត្រីជាជនរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារបឹងត្របែកតែម្នាក់ឯងនោះ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមាន ក្រុមជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូមកក្បែរ និងធ្វើសកម្មភាឆក់យកកាបូប ដៃដែលដាក់នៅក្នុងឃ្លុបម៉ូតូ របស់នាងតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលដែលក្រុមជនសង្ស័យឆក់យកកាបូបដៃនោះបានហើយ ស្ត្រីរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកឆោឡោឡើងធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយមាន ការភ័យស្លន់ស្លោក្រុមចោរឆក់ទាំងពីរនាក់ ក៏បានជិះម៉ូតូទៅបុកនឹងម៉ូតូរ៉ឺម៉កដួល ស្របពេលនោះ កម្លាំងល្បាតរបស់នគរបាលខណ្ឌចំការមនមកដល់ក៏ចាប់ឃាត់ខ្លួនពួកគេបានទាំងពីរនាក់តែម្តង។
បន្ទាប់ពីចាប់ខ្លួនបាន កម្លាំងមានសម្ថកិច្ចក៏បានធ្វើការប្រគល់ការបូបដៃនោះទៅឲ្យស្ត្រីរងគ្រោះជាម្ចាស់វិញ ចំណែកឯក្រុមជនសង្ស័យជាចោរឆក់ទាំងពីរនាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំនុះរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់