ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្ករឡើងដោយខ្លួនឯង បន្ទាប់ពីយុវជន២នាក់ សង្ស័យស្រវឹង បានជិះម៉ូតូម៉ាកMSX ក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញលាន់ឭដូចរន្ទះ បណ្តាលឲ្យយុវជនម្នាក់បោកក្បាលស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទី ទាបភ្លឺថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនទាំង២នាក់ខាងលើ ដែលមិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-8607 បានជិះរ៉េចង្កូតដងពេញផ្លូវសង្ស័យថាស្រវឹង ថែមទាំងបើកបរក្នុងល្បឿនលឿនទៀតផង។ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូខាងលើបានជ្រុលទៅបុកជាមួយនិងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវយ៉ាងពេញទំហឹងលាន់ឭដូចរន្ទះ បណ្តាលឲ្យយុវជនម្នាក់ខ្ទាតបោកទៅដងផ្លូវ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរបួសធ្ងន់បាក់ដងកាំបិត និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកឯម៉ូតូវិញរងការខូចខាតទាំងស្រុង ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន ចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយកម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុក រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕







មតិយោបល់