ព័ត៌មានជាតិ

សម្ងំជក់គ្រឿងញៀននៅក្នុងកាប៊ីនរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់

កំពង់ចាម: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមធ្វើការចាប់ឃាត់ខ្លួនបាន​ជនសង្ស័យ​ចំនួន០៣នាក់ កំពុងធ្វើសកម្មភាពជក់គ្រឿងញៀនជាក់ស្តែងនៅក្នុងកាប៊ីនរថយន្តតាមដងផ្លូវសាធារណ: យកមកធ្វើការសាកសួរ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពី​វេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចត្រពាំងឈួក ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថាមុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ សហការជាមួយកម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ចុះធ្វើការល្បាតក្នុងភូមិសាស្ត្រ។ លុះបានមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញ រថយន្តមួយគ្រឿងឈប់នៅលើចិញ្ចើមផ្លូវ ដោយមានការសង្ស័យ​សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ ស្រាប់តែឃើញជនសង្ស័យទាំង៣នាក់នេះកំពុងសម្ងំជក់គ្រឿងញៀនក្នុងកាប៊ីនរថយន្ត ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ឃាត់ខ្លួនតែម្តង ដោយ​ជនសង្ស័យទី១មានឈ្មោះ គុណ គឹមថៃ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ។ ទី២ឈ្មោះ ចាប ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់​នៅភូមិជីរោទ៍ទី២ ឃុំជប់ ស្រុកត្បូងឃ្មុំ ។ និងជនសង្ស័យទី៣ឈ្មោះ យ៉េន វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិវីកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់តូច, ឧបករណ៍សម្រាប់ជក់គ្រឿងញៀន០១សម្រាប់, ទូរស័ព្ទចំនួ​ន​០៤គ្រឿង និងរថយន្តម៉ាកហ៊ីយ៉ានដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-0134 មួយគ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលា​ដំបូង​ខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់