ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តនីសាន់បុក បណ្តាលឲ្យស្លាប់មួយរំពេច

កណ្តាល: នៅថ្ងៃព្រហស្បត្តិ៍០៥ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសអ្នកបើកបរម៉ូតូម្នាក់ស្លាប់ និងខូចខាតម៉ូតូ០១គ្រឿងធ្ងន់ រថយន្ត០១គ្រឿងស្រាល អ្នកបើកបររថយន្តបានគេចខ្លួន នៅចំណុចផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក នីសាន់ ពណ៌ស ប្រភេទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-0926 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងទិសដៅពីកើតទៅលិច ។ លុះពេលធ្វើដំណើរមកដល់ចំណុចភូមិ-ឃុំកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខៀវ ពាក់ផ្លាកលេខកណ្ដាល 1T-5349 បើកបរដោយឈ្មោះ យី សុខគា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) បានបើកបញ្ច្រាសទិសគ្នា ពីលិចទៅកើត ហើយបត់ត្រឡប់ក្រោយ កាត់ពីមុខរថយន្ត បណ្ដាលឲ្យរថយន្តគេចមិនទាន់ក៏បុកស្លាប់ អ្នកបើបរម៉ូតូភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ។ រីឯអ្នកបើកបររថយន្តបានឈប់រថយន្តចុះរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ សន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

មតិយោបល់