ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងបើករថយន្តស្លាកលេខរដ្ឋ បង្កគ្រោះថ្នាក់ច្រើនកន្លែង

ភ្នំពេញៈ បុរសម្នាក់ ដែលគេសង្ស័យថា ជាមន្រ្តីរាជការ ត្រូវបានសមត្ថកិច្ច និងអ្នករត់ម៉ូតូឌុបបានដេញតាមឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះស្រវឹងស្រាបានបើករថយន្តស្លាកលេខរដ្ឋ០៩ បុកម៉ូតូ ហើយព្យាយាមបើករត់ក៏ជ្រុលទៅបុកកន្លែងលក់ធុងគុយទាវ និងទឹកក្រឡុក និងព្យាយាមបើករត់បន្តទៀត ទាល់តែរថយន្តឡើងលើសួនច្បារមុខទូតបារាំងទើបចាប់បាន។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៦ នៅចំណុចកន្លែងលក់គុយទាវ និងទឹកក្រឡុកក្បែរចិញ្ចើមផ្លូវលេខ៦៥ កែងផ្លូវលេខ៨៤ មុខសណ្ឋាគារហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបុរសម្នាក់ អាយុប្រហែល៥០ឆ្នាំ បានបើករថយន្តម៉ាក Peugeot ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ (០៩)០២. ០០ ៤៩ បើកបោះពួយយ៉ាងលឿនរេពេញបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ហើយបានបុកម៉ូតូមួយគ្រឿងនៅម្តុំមុខបារទន្លេសាប រួចព្យាយាមបើករត់មកដល់ផ្លូវលេខ៨៤កែង និងផ្លូវ៦៥ ក៏ជ្រុលទៅបុកកន្លែងលក់គុយទាវ និងទឹកក្រឡុកពេញទំហឹង បណ្តាលឲ្យខូចខាត រួចអ្នកបើករថយន្តបង្កព្យាយាមបើករត់ទៅទៀតទាល់តែហោះឡើងលើសួនច្បារស្ថិតខាងមុខស្ថានទូតបារាំងជាប់ផុងទៅមុខលែងរួច ទើបចាប់បានតែម្តង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីឃាត់អ្នកបើកបររថយន្តបង្ករូបនោះបានហើយ អ្នកបើករូបនោះបានចេញពីក្នុងរថយន្តទាំងអាការៈស្រវឹង ហើយនិយាយថា ការបង្កគ្រោះថ្នាក់នេះ មកពីគាត់ភ័យនឹងគេដេញតាមវាយគាត់ ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង។

អ្នកបើកបររូបនោះបានអះអាងថា រាល់ការខូចខាតដែលគាត់បានបង្កនេះ គាត់នឹងចេញសងទាំងអស់។ បន្ទាប់មកទើបគេឲ្យគាត់មកមើលរាល់ការខូចខាតដែលគាត់បានបង្ក ហើយគាត់សុខចិត្តចេញសំណងទៅឲ្យអ្នកលក់គុយទាវ និងទឹកក្រឡុកចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿងមួយករណី។

ក្រោយបញ្ចប់រឿងនៅកន្លែងកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំងនគរបាលមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលជំនាញក្រុងចុះមកស្ទូចយកទៅរក្សាទុកនៅការិយាល័យក្រុង ព្រោះបានបង្កឲ្យខូចខាតសួនច្បារស្ថិតខាងមុខស្ថានទូតបារាំង៕

photo_2016-09-14_10-29-28photo_2016-09-14_10-29-13photo_2016-09-14_10-29-16photo_2016-09-14_10-29-18photo_2016-09-14_10-29-21photo_2016-09-14_10-29-23photo_2016-09-14_10-29-26

មតិយោបល់