បាត់ដំបងៈ ជនសង្ស័យចំនួន២០នាក់ ត្រូវកម្លាំងអធិការដ្ឋានស្រុកថ្មគោល ធ្វើការឃាត់ខ្លួន និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការស្រុកថ្មគោលបានឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដបង ដោយទទួលបានបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងស្នើសុំគោលការណ៍ពីលោក នួន សាន ព្រះរាជ្ញាអមសាលាដំបងខេត្តបាត់ដំបង ទើបកម្លាំងរបស់លោកចុះបង្រ្កាបជនសង្ស័យទាំងអស់នេះ។
លោកបានឲ្យដឹងថា វេលាម៉ោង១២ថ្ងៃត្រង់ទី១៤ កញ្ញា ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងកម្លាំងប៉ុស្តិ៍គោកឃ្មុំបានចុះបង្រ្កាបករណីជួញដូរនៅផ្ទះឈ្មោះ អាង វ៉ានឌឿន (ហៅចាង) ភេទប្រុស អាយុ២៤ឆ្នាំ នៅក្រុមទី10 ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោលរហូតឈានដល់ការឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន១៩នាក់ផងដែរ រួមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២កូនថង់តូច -ដប់ជក់ថ្នាំញៀនចំនួន២ -ថង់សម្រាប់ច្រកថ្នាំចំនួន៣ -ដុំដែកកេះចំនួន៨ -កាំបិតសាំរ៉ៃចំនួន២ដើម -ម៉ូតូចំនួន១២គ្រឿង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត៕
មតិយោបល់