ភ្នំពេញៈ ក្រសួងបរិស្ថាននៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសដាក់តំបន់ការពារធម្មជាតិថ្មីចំនួន៣កន្លែងផ្សេងទៀត ស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ខ្លួនផ្ទាល់ ដើម្បីធានាដល់ការការពារ និងថែរក្សា ធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះគង់វង់ និងធានាដល់ការលើកកម្ពស់ការចូលរួមពីសហគមន៍ និងសាធារណជន។
នៅក្នុងប្រកាសព័ត៌មាននោះបានសរសេរថា “រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន៣ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧.៩៤,០៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង៣នោះរួមមានឧស្យានជាតិ កោះរុង(ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ២ ៦៥៥,៣៥ហិកតា តំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហា) មានផ្ទៃដីទំហំ២៥ ២៦៩៩,៤១ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ១៦,៣ហិកតា។ ជារួមតំបន់ការពារធម្មជាតិសរុបចំនួន៤៥មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤,០៦ហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន”។
ប្រកាសដដែលបានឲ្យដឹងទៀតថា ការដាក់កោះរុង ជាឧស្យានជាតិ និងការដាក់បឹងព្រែកទប់ជាតំបន់អភិរក្សទឹកសាប ក្នុងគោលបំណង ដើម្បីធានាការថែរក្សា និងការពារសោភណ្ឌភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះក្នុងតំបន់នោះ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់នោះ។
ចំណែកការដាក់ភ្នំត្បែង ជាតំបន់បេតិកភ័ណធម្មជាតិ ដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់ ការពារសោភ័ណភាពទេសភាពធម្មជាតិ និងតម្លៃធមម្មជាតិ នៃតំបន់នេះ សម្រាប់បំរើឱ្យការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះកំបុងបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌នៅមូលដ្ឋាន។
ក្រៅពីនេះក្រសួងបរិស្ថានក៏កំពុងសិក្សាបន្ថែមលើតំបន់មួយចំនួនទៀត ដែលមានសក្កដានុពល ផ្នែកទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ត ដើម្បីរៀបចំបង្កើតជាតំបន់ការពារធម្មជាតិ ទាំងនៅតំបន់គោក តំបន់ដីសើម និងតំបន់ឆ្នេរសមុទ្រ៕
មតិយោបល់