កណ្តាលៈ ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាល្បែងស៊ីសង បៀ អាប៉ោង កន្ទុយលេខ បើកលេងយ៉ាងគគ្រឹកគគ្រែង នៅភូមិដីឡូ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ គ្មានសមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ។
ទីតាំងដែលបើកល្បែងស៊ីសងខាងលើនេះគេបានឲ្យដឹងថា មានម្ចាស់ឈ្មោះ គ្រូមុំ ហើយមានកូនជាមន្ត្រីបម្រើនៅស្នងការនគរបាលខេត្តកណ្តាលថែមទៀតផង ដែលទីតាំងនេះស្ថិតនៅជាប់ហាងឈ្មោះ តា ជា ក្នុងភូមិដីឡូ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ post News ថា ទីតាំងខាងលើនោះបានបើកលេងល្បែងស៊ីសងជាយូរឆ្នាំមកហើយ ប៉ុន្តែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។
ប្រភពដដែលបានបន្តទៀតថា ទីតាំងខាងលើនេះ អាចបើកលេងល្បែងស៊ីសងបានយ៉ាងរលូននេះ គឺអាងកូនជាមន្ត្រីនគរបាល ហើយបានដាក់ខែជារៀងរាល់ខែ ឲ្យនាយប៉ុស្តិ៍ព្រែកឫស្សីផងថែមទៀត។
ពាក់ព័ន្ធនិងករណីល្បែងស៊ីសងខាងលើនោះ ភ្នាក់ងារ post News បានទាក់ទងទៅលោកស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ តាមបណ្តាញអ៊ីនធឺណិត what app ដោយលោកឆ្លើយតបថា លោកនឹងឲ្យកម្លាំងប៉ុស្តិ៍ព្រែកឫស្សីទៅចាប់ឃាត់ក្រុមអ្នកញៀនល្បែង និងម្ចាស់ទីតាំងនោះភ្លាមៗផងដែរ។
ប្រជាពលរដ្ឋបានទទូចសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងដុះស្លែខាងលើផងដែរ ពីព្រោះពួកគាត់មានការភិតភ័យ ដោយសារមួយរយៈនេះ មានករណីចោរលួច ចោរគាស់ផ្ទះ និងមានការសេពគ្រឿងញៀន យ៉ាងអនាធិបតេយ្យផងដែរ។ ពួកគាត់សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងបង្ក្រាបទីតាំងខាងលើនោះ ដើម្បីធ្វើឲ្យភូមិឃុំមានសុវត្ថិភាព៕
មតិយោបល់