ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតតារាម៉ូឌែលស្រីម្នាក់ ត្រូវបានជ្រើសតាំងជាប្រធានគណបក្សប្រឆាំងធំបំផុត នៅជប៉ុនលើកដំបូង

ជប៉ុន: លោកស្រី Renho មានអាយុ ៤៨ឆ្នាំ ជាអតីតតារាម៉ូឌែលស្រីម្នាក់ ត្រូវបានគណបក្សប្រឆាំង ដ៏ធំជាងគេ នៅក្នុងប្រទេសជប៉ុនបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានគណបក្សស្ត្រីលើកដំបូង ជាមួយនឹងសំឡេងគាំទ្រដ៏ច្រើនលើសលប់។ នេះបើយោងតាមរយ: សារព័ត៌មាន shanghaidaily ចេញផ្សាយនៅទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោកស្រី Renho ទទួលបានការគាំទ្រ ៥០៣សំឡេង ក្នុងចំណោមសន្លឹកឆ្នោត សរុបចំនួន៨៤៩ ពីសមាជិកគណបក្ស ក្នុងគ្រាដែលគូប្រជែងលោកស្រី គឺលោក Seiji Maehara ជាអតីតរដ្ឋមន្រី្តការបរទេស ទទួលការគាំទ្រ ២៣០សំឡេង និងសមាជិកសភាលោក Yuichiro Tamaki ទទួលបាន ១១៦សំឡេង។

ការទទួលជ័យជម្នះរបស់លោកស្រី ត្រូវបានគេមើលឃើញថា ដោយសារកិត្តិនាម និងអាកប្បកិរិយាដ៏ល្អ របស់លោកស្រី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ដែរថា លោកស្រី Renho ធ្លាប់ធ្វើជាពិធីការិនីទូរទស្សន៍ និងតារាម៉ូឌែល ព្រមទាំងជាប់ឆ្នោតជាសមាជិកសភាជាន់ខ្ពស់ជប៉ុន ចាប់តាំងពីឆ្នាំ២០០៤ ក្នុងនោះដែរលោកស្រីក៏ធ្លាប់បានបម្រើការងារជារដ្ឋមន្រ្តីផងដែរ៕

japans-largest-opposition-party-elects-first-female-leader

មតិយោបល់