ស្ទឹងត្រែងៈ អាវុធហត្ថខេត្តស្ទឹងត្រែងធ្វើការបង្ក្រាបបទល្មើសជាក់ស្ដែងពាក់ព័ន្ធករណីប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយត្រង់ចំណុចភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែកញ្ញានេះថា ការចុះបង្ក្រាបករណីខាងលើនេះគឺដោយសារតែមានការសង្ស័យថារថយន្ត០១គ្រឿងឈប់ចតក្បែរកន្លែងសម្តេចស្នាក់នៅ ក្រោយមកលោកព្រះរាជអាជ្ញា ក៏បានបង្គាប់ឲ្យកម្លាំងធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ បូរ៉ា ហៅបូ ភេទប្រុស អាយុ៣៦ ជាតិខ្មែរ មុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិដារកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើអាវុធហត្ថដកហូតបានវត្ថុតាងរួមមាន រថយន្ត០១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ស សេរីឆ្នាំ២០០២ (គ្មានពន្ធ)ប៉ុន្តែពាក់ស្លាកលេខ ភ្នំពេញ 2R-0565។បន្ទាប់មកដោយមានការសហការពីសាខាគយខេត្តស្ទឹងត្រែងអាវុធហត្ថខេត្ត ក៏បានសម្រេចកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ចំណែកឯជនសង្ស័យ ក៏ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តផងដែរ៕
មតិយោបល់