ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ធំ

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី២ ធ្វើការចាប់ឃាត់ខ្លួនដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ធំ ។ការបង្ក្រាបនេះ​បានធ្វើ​ឡើ​ងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើងខាងត្បូងវត្តនាគវ័ន្ត កែងនិងផ្លូវលេខ១៣២ ក្រុមទី១០៥ ភូមិ២២សង្កាត់បឹង​កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនបាន ទី១មានឈ្មោះ សំ ពេជ្រ (ហៅញ៉ា) ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល​ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបាន ក្រាមពណ៌សថ្លាចំនួន​០៤​កញ្ចប់ធំ និងម៉ូតូចំនួន០១គ្រឿងម៉ាកZoomerX ពណ៌ខៀវ ពាក់ស្លាកលេខភ្នំ ពេញ 1FT-2587 ។ និងជនសង្ស័យទី២ឈ្មោះ ជុំ ខួច (ហៅជ័យ) ភេទប្រុស ស្នាក់នៅផ្ទះ​ជួល ផ្លូវរថភ្លើង ក្រុមទី១០៥ ភូមិ១០៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក(ជាអ្នកប្រើប្រាស់) ។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើកម្លាំងបានចុះល្បាតសហការ ជាមួយផ្នែកយុត្តិធម៌ខណ្ឌ លុះបានមកដល់ចំណុចកើតហេតុ​បានជួប​ប្រទះជនសង្ស័យខាងលើកំពុងជិះម៉ូតូ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឈប់ដើម្បីត្រួតពិនិត្យឆែករកឃើញគ្រឿងញៀន ក៏ឃាត់ខ្លួនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជ
ធានីភ្នំពេញចាត់ការតាមច្បាប់ ៕

គ្រឿងញៀនគ្រឿងញៀន

មតិយោបល់