ព័ត៌មានជាតិ

យកកូនកាំបិតចាក់ប្លន់ម៉ូតូឌុបមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនសង្ស័យហៅឲ្យឌុបលុះដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាក់មួយកាំបិតប្លន់ម៉ូតូ តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញព័ទ្ធចាប់បានភ្លាមៗកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ហែម មិ អាយុ៣២ឆ្នាំ ជាកសិករស្នាក់នៅមិនពិតប្រាកដ ទើបឡើងមកមកភ្នំពេញបាន៤ថ្ងៃ មានស្រុកកំណើតនៅភូមិព្រៃធំឃុំទូកមាសលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ចំណែកជនរងគ្រោះឈ្មោះ អាន មិន អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ51 ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌសែនសុខមានស្រុកកំណើតភូមិជីរោទិ៍2 ឃុំតាត្រាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណែកម៉ូតូដែលជនសង្ស័យប្លន់ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AY-1007 ស៊េរីឆ្នាំ2011។

ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូគាត់ឲ្យឌុបចេញពីម្ដុំវត្តសុភាឃួន ទៅភូមិសំរោងទាវក្នុងតម្លៃ៨០០០រៀល ខណ:មកដល់ចំណុចភូមិសំរោងទាវ តាមមាត់ប្រឡាយ ជនសង្ស័យបានប្រាប់ឲ្យគាត់ឈប់ ស្រាប់តែជនសង្ស័យដកកូនកាំបិតចាក់រូបគាត់ចំក្រោមក្លៀកធ្វេង តែសំណាងល្អពេលធ្វើសកម្មភាពជនសង្ស័យរអិលជើងដួលជាមួយជនរងគ្រោះ និងម៉ូតូ ភ្លាមនោះជនរងគ្រោះស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ទើបជនសង្ស័យបានព្យាយាមរត់មកដល់ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឃ្មួញស្ទាក់ចាប់បានភ្លាមៗ នាំយកមកផ្នែកជំនាញអធិការខណ្ឌសែនសុខ ដើម្បីសាកសួរចាត់ការបន្ត។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌសែនសុខ និងទទួលយកម៉ូតូត្រឡប់ទៅវិញ៕

photo_2016-09-20_10-15-32

photo_2016-09-20_10-15-19

photo_2016-09-20_10-15-24

photo_2016-09-20_10-15-26

photo_2016-09-20_10-15-28

មតិយោបល់