ព័ត៌មានជាតិ

មេកន្ទុយលេខ នៅផ្សារបុរីសន្តិភាព២ ត្រូវបានសមត្ថកិច្ច ចុះចាប់ហើយ

ភ្នំពេញ: ស្រ្តីម្នាក់ ជាមេកន្ទុយលេខ ដុះស្លែ យ៉ាងសកម្ម ខាងកត់ឆ្នោត នៅក្នុងផ្សារបុរីសន្តិភាព២ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យចុះ បង្ក្រាប និងចាប់ឃាត់ខ្លួន បានម្នាក់ ខណៈដែលស្រ្តីមេឆ្នោតខាងលើនេះ កំពុងកត់ឆ្នោតជាក់ស្តែង ចំណែកមេឆ្នោតជាច្រើនទៀត រត់ចែកជើងគ្នាព្រាត យកតែព្រះអាយុ កាលពីវេលាម៉ោង០២ និង៣០នាទី រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នេះ ស្ថិតនៅផ្សារបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេល សារព័ត៌មាន Post News បានចុះផ្សាយកាលពីយប់មិញ និយាយអំពីល្បែងស៊ីសងដុះស្លែ នៅខណ្ឌពោធិ៍សែនជ័យ ពេលនេះ ត្រូវបានសមត្ថកិច្ច ចាត់វិធានការណ៍ហើយ ដោយស្រ្តីជាមេកត់កន្ទុយលេខ មានឈ្មោះ ផល្លី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ និងកត់ឆ្នោត ស្នាក់នៅក្បែរកន្លែងកើតហេតុ ត្រូវបានចាប់ឃាត់ខ្លួន ។

ដើម្បីនុវត្តន៍ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំង ០៩ចំណុច និងទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន រក្សាឱ្យបាននូវ សន្តិសុខ សុវត្តិភាព ជូនពលរដ្ឋ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលមានបញ្ជា ពីលោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានចាត់មន្ត្រី ចុះទៅដល់ទីតាំងខាងលើ ឃាត់ខ្លួនស្រ្តីកត់ឆ្នោតជាក់ស្តែង បានម្នាក់ ចំណែកមេឆ្នោតជាច្រើននាក់ទៀត បានរត់ចែកជើងគ្នា។

ក្រោយពីឃាត់ខ្លួនស្រ្តីមេឆ្នោតខាងលើ សមត្ថកិច្ច បាននាំទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ល្បែងស៊ីសង ត្រូវបានគេចាត់ទុកថា ជាដើមចម នៃបទល្មើស ដែលបង្កទៅជាអំពើលួចឆក់ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ដូច្នេះ ប្រជាពលរដ្ឋ បានសំណូមពរ ឱ្យសមត្ថកិច្ច មានវិធានការរឹតបន្តឹង ឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសភាពអសកម្ម នៅក្នុងមូលដ្ឋាន៕

photo_2016-04-26_17-38-40 photo_2016-04-26_17-38-43 photo_2016-04-26_17-38-45 photo_2016-04-26_17-38-52 photo_2016-04-26_17-38-55 photo_2016-04-26_17-38-58 photo_2016-04-26_17-39-01

មតិយោបល់