ព័ត៌មានជាតិ

ប្រពន្ធប្រាប់ថា កុំហូបត្រីកំពត អត់ស្តាប់ ទីបំផុតស្លាប់មែន

កណ្តាល : បុរសជាប្តីដោយការរឹងរូសមិន ស្តាប់ការហាមឃាត់របស់ប្រពន្ធ បានស្លាប់ ក្រោយពីបានហូមត្រីកំពត។ហេតុការណ៍នេះកើតឡើងនៅ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ចំណុចផ្ទះជនរងគ្រោះ ក្នុងបរិវេណឡឥដ្ឋផាច លាងស្រេង ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល។

នគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈិន នាង អាយុ៣៣ឆ្នាំ នៅភូមិទួលក្រសាំង ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្ដាល។ សព្វថ្ងៃស្នាក់នៅឡឥដ្ឋផាចលាង ស្រេងភូមិឈើទាល ឃុំព្រែក អញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរកម្មករឡឥដ្ឋ។

សាក្សីនិយាយថា នៅថ្ងៃកើតហេតុវេលាម៉ោង៩ព្រឹក ជនរងគ្រោះនិងប្រពន្ធរបស់ខ្លួន ឈ្មោះគិប ច្រឹប បាននាំគ្នាទៅរកត្រីនៅចំណុចបឹងព្រែកអញ្ចាញរហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបត្រឡប់មកវិញ បានត្រីបន្តិចបន្តួច និងត្រីកំពតចំនួន៦ក្បាលពេលមកដល់ផ្ទះជន រងគ្រោះបានយកកំពតទៅដុតហូប ក្នុងពេលនោះ ប្រពន្ធបានប្រាប់ប្តីថា៖ “កុំហូបកំពតអី ព្រោះកំពតនេះភ្នែកឡើងក្រហមប្រយ័ត្នពុល” តែជនរងគ្រោះជាប្តីមិនស្ដាប់ ក៏យកកំពតទាំង៦នោះដុត ហើយហូបក្រោយពេល ហូបរួចក៏ទៅដេកនៅលើផ្ទះ។ ប្រពន្ធមិនបានចាប់អារម្មណ៍មើលជនរងគ្រោះទេ រហូតដល់ម៉ោង៤រសៀល ជនរងគ្រោះ បានស្រែកហៅប្រពន្ធ ឲ្យជួយលើកឡើងបត់ជើង ហើយបានប្រាប់ប្រពន្ធថា៖ “អញឈឺចុកចាប់ អស់ពេញទាំងខ្លួន អញពុលកំពតហើយ” ពេលនោះប្រពន្ធជនរងគ្រោះបានហៅអ្នកជិតខាង ឲ្យយកជនរងគ្រោះ ទៅព្យាបាលនៅពេទ្យព្រែកអញ្ចាញលុះដល់ម៉ោង៦ល្ងាច ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យតែម្ដង។ បន្ទាប់មកទើបក្រុមគ្រួសារនាំសពមកតម្កល់ទុកនៅវត្តព្រែកអញ្ចាញដើម្បីធ្វើបុណ្យ។

លុះព្រឹកឡើងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ទើបផ្នែកជំនាញសហការជាមួយប៉ុស្តិ៍និងអាជ្ញាធរឃុំចុះធ្វើការពិនិត្យសាកសពឃើញថា៖លើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីកត់សំគាល់ និងពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បានប្រគល់សពជូន ប្រពន្ធ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Danger_Dead_26_04_16_01 Danger_Dead_26_04_16_02 Danger_Dead_26_04_16_03

មតិយោបល់