បន្ទាយមានជ័យៈ មានការផ្អើលឆោឡោមួយបានកើតឡើង បន្ទាពីស្រ្តីម្នាក់បានអះអាថា រូបគាត់ត្រូវបានចោរប្រើឧបករណ៍ឆក់ឲ្យសន្លប់ ខណៈកំពុងតែដេកលើគ្រែក្រោមផ្ទះ ហើយប្រមូលយកលុយកជាច្រើនមានទាំងលុយថៃ និងដុល្លារផងដែរ។
ករណីភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិអន្លង់សា ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះបើកការស៊ើបអង្កេត ករណីនេះ ប៉ុន្តែសមត្ថកិច្ចហាក់នៅមានមន្ទិល។
សមត្ថកិច្ចបានដឹងថា ស្ត្រីរងគ្រោះបានអះអាងប្រាប់សមត្ថកិច្ចថារូបគាត់ត្រូវចោរប្រើឧបករណ៍ឆក់ឲ្យសន្លប់ ហើយប្រមូលយកប្រាក់អស់នោះ ឈ្មោះ ហាក់ ថោងរី អាយុ៤៥ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើមានប្តីឈ្មោះ ប៊ឹង សែម អាយុ៤៨ឆ្នាំ កំពុងធ្វើការនៅប្រទេសថៃ។
ប្រភពពីអ្នកជិតខាងបានដឹងថា នៅម៉ោងជាង៧យប់ ថ្ងៃកើតហេតុនោះ ស្ត្រីរងគ្រោះ បានទូរស័ព្ទប្រាប់សាច់ញាតិក្នុងភូមិថា គាត់ទើបងើបពីសន្លប់សង្ស័យចោរប្រើឧបករណ៍ឆក់ ហើយប្រមូលយកប្រាក់ថៃអស់១៣ម៉ឺនបាត និងប្រាក់ដុល្លារចំនួន៨០០ ទើបមានការភ្ញាក់ផ្អើលឆោឡោទាំងយប់តែម្តង និងដឹងដល់សមត្ថកិច្ចចុះទៅស្រាវជ្រាវ។
ប្រភពដដែលបានបន្តទៀតថា គ្រួសារខាងលើប្តីមិននៅផ្ទះទេ ចំណែកកូនស្រីមួយក៏មានគ្រួសាររស់នៅផ្ទះផ្សេង គឺគាត់ (ស្រីរងគ្រោះ) រស់នៅតែម្នាក់ឯង។ ប្រភពដដែលបានបញ្ជាក់ថា ទីតាំងផ្ទះកើតហេតុនៅខាងត្បូងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំប្រាសាទមិនដល់១០០ម៉ែត្រផង។
ទោះបីយ៉ាងណាក៏ដោយរឿងហេតុភ្ញាក់ផ្អើលមួយនេះ សមត្ថកិច្ចបានហ៊ុំព័ទ្ធ ជុំវិញផ្ទះកើតហេតុ ដើម្បីបើកការស៊ើបអង្កេតហើយ។
លោក ប្រុក ឡែ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំប្រាសាទប្រាប់តាមទូរស័ព្ទថាករណីខាងលើ សមត្ថកិច្ចមិនទាន់អាចជឿទាំងស្រុងបានទេ ព្រោះជនរងគ្រោះប្រាប់គេឯង និងសាច់ញាតិថា ចោរប្រើឧបករណ៍ឆក់ឲ្យសន្លប់ ហើយប្រមូលយកប្រាក់អស់ ប៉ុន្តែពេលសមត្ថកិច្ចត្រួតពិនិត្យរាងកាយជនរងគ្រោះគ្មានស្លាកស្នាមអ្វីឡើយ ហើយពេលនេះឮថា ប្តីរបស់ស្ត្រីខាងលើកំពុងធ្វើដំណើរមកពីប្រទេសថៃផងដែរ។
ចំណែកលោក មាស រឹទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ ខែកញ្ញា នេះថា រឿងរ៉ាវខាងលើកំពុងបើកការស៊ើបអង្គេតនៅឡើយ ពោលគឺកំពុងរង់ចាំសាកសួរបុរស ជាប្តីដែលកំពុងធ្វើដំណើរមកពីប្រទេសថៃ៕
មតិយោបល់