ព័ត៌មានជាតិ

​ប្លន់រួចគេចខ្លួនអស់១១ឆ្នាំ ទើបតែជាប់ខ្នោះសមត្ថកិច្ច ​

សៀមរាប: ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពប្លន់រួចហើយ បានរត់គេចខ្លួនអស់ជាច្រើនឆ្នាំ ទើបតែថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ទើបសមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ជនសង្ស័យនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដូចពាក្យចាស់និយាយថា “កុកភ្លេចជង់ តែជង់មិនភ្លេច”។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឿម ភូ ហៅ ថូ ភេទប្រុស អាយុ២៩ឆ្នាំ គ្មានមុខរបរ កើតនៅជំរំសាយប៊ី ប្រទេសថៃ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងក្រុមទី១៩ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

លោកអធិការនគរបាលក្រុងបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចនគរបាលបានអនុវត្តតាមដីការ បង្គាប់ឲ្យចាប់ខ្លួនលេខ៤៥៩ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៧ ដោយចោទប្រកាន់ ពីបទប្លន់ ដែលបានប្រព្រឹត្តទៅនៅភូមិចុងកៅស៊ូ ឃុំ ស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៥ ដែលបទល្មើសនេះ បានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

photo_2016-09-23_17-45-24

មតិយោបល់