ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកយ៉ាងលឿនជ្រុលទៅបុកបុរសម្នាក់ដែលកំពុងអង្គុយមើលកាដុងទឹកលើរម៉ក នៅក្បែចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យផ្លោងជនរងគ្រោះជាង១០ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ដែលចុះទៅធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបង្កបុកបណ្តាលឲ្យស្លាប់ខាងលើនេះមានឈ្មោះ គុណ ចាន់ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរត់រម៉ក ស្នាក់នៅខេត្តសៀមរាបមាន ដោយមានស្រុកកំណើតនៅខេត្តតាកែវ ។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់មានគ្នាបីនាក់ប្រុសពីរស្រីមួយ បានបើករម៉កម៉ូតូ ពាក់ស្លាកលេខសៀមរាប 1A-9999 បើកតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុការ៉ាស់សាំងថៃប៊ុនរ៉ុង ក៏បានឈប់រម៉កម៉ូតូអែបចិញ្ចើមផ្លូវ ដើម្បីនាំគ្នាហូបបាយ ពេលហូបបាយរួចប្ដីរបស់គាត់បានចុះពីលើរម៉កម៉ូតូមកមើលកាដុងទឹកដែលដាក់ចំហៀងរម៉កក្រែងលោអស់ទឹក ស្រាប់តែពេលកំពុងអង្គុយមើលក៏មានរថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកមកពីក្រោយយ៉ាងលឿនមកបុកប្តីរបស់គាត់ចំពីក្រោយពេញទំហឹងផ្លោងជាង១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ។ ចំណែករថយន្តបង្កបើករត់បាត់ស្រមោលតែម្ដង។ ប្រភពដដែល បានបន្តទៀតថា ពួកគាត់បានមកពីខេត្តសៀមរាបគោលបំណងទៅភ្ជុំបិណ្ឌនៅឯស្រុកកំណើតខេត្រតាកែវមិនទាំងទាន់ទៅដល់ស្រុកផង ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍នេះទៅវិញ ។
ក្រោយកើតហេតុនេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ធ្វើកំណត់ហេតុនិងបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕
https://youtu.be/eYZdJ5i5UXw
មតិយោបល់